រដ្ឋមន្ត្រី​ក្រសួង​ការពារ​ចក្រភព​អង់គ្លេស​ទម្លាយ​ថា កងទ័ព​រុស្ស៊ី​ជាច្រើន​កំពុង​ឈរជើង​នៅ​ត្រឹម ២៥ គ.ម​ពី​រដ្ឋធានី​អ៊ុយក្រែន

អន្តរជាតិ

កាលពី​ថ្មីៗនេះ ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ការពារ​របស់​ចក្រភពអង់គ្លេស​បាន​បង្ហើប​ឲ្យ​ដឹងថា កងទ័ព​របស់​រុស្ស៊ី​ជាច្រើន​នាក់​កំពុង​ឈរជើង​នៅ​ទីតាំង​មួយ​ដែល​មាន​រយៈ​ចំងាយ​ត្រឹម ២៥ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រដ្ឋធានី​នៃ​ប្រទេស​អ៊ុយក្រែន​គឺ​ទីក្រុង Kyiv។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“ការ​វាយ​ប្រហារ​នៅ​ភាគពាយ័ព្យ​នៃ​ទីក្រុង Kyiv គឺ​កំពុង​បន្ត ខណៈ​កងទ័ព​របស់​រុស្ស៊ី​ជាច្រើន​ត្រូវបាន​ប្រទះ​ឃើញ​កំពុង​ឈរជើង​នៅ​ត្រឹម​ ២៥ ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​កណ្ដាល​ទីក្រុង​”។ នេះ​បើ​តាម​សម្ដី​របស់​រដ្ឋមន្ត្រី​អង់គ្លេស​បាន​និយាយ។

“ដោយឡែក​កង​កម្លាំង​រុស្ស៊ី​ជាច្រើន​នៅ​ភាគខាង​ជើង​នៃ​ទីក្រុង Kyiv គឺ​បាន​បែកខ្ញែក ដែល​នេះ​ទំនង​ជា​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​ការ​ឡោមព័ទ្ធ​ទីក្រុង​មួយ​នេះ។ វា​ក៏​អាច​ជា​ការ​បន្ធូរបន្ថយ​ការ​ខាតបង់​របស់​រុស្ស៊ី​បាន​ខ្លះ ដោយសារ​ការវាយបក​របស់​អ៊ុយក្រែន​មួយ​រយៈកាល​ចុងក្រោយ​គឺ​ប៉ះពាល់ខ្លាំង​ដល់​ស្ថានភាព​ទ័ព​រុស្ស៊ី”។

ទន្ទឹម​នឹង​នោះ ក្រុមការងារ​របស់ CNN ដែល​កំពុង​ប្រចាំការ​នៅ​ទីក្រុង Kyiv បាន​រាយការណ៍​មក​ថា កាលពី​ព្រឹក​ថ្ងៃសៅរ៍​គឺ​មាន​ករណី​ផ្ទុះអាវុធ​មួយ​បាន​កើតឡើង ប៉ុន្តែ​មិនច្បាស់​ថា​ជា​ការ​បង្ក​ឡើង​ដោយ​កងទ័ព​រុស្ស៊ី ឬ​អ៊ុយក្រែន​ឡើយ។

បញ្ជាក់​ដែរ​ថា ​ក្រៅពី Kyiv ទីក្រុង​សំខាន់ៗ​ដូចជា Kharkiv, Chernihiv, Sumy និង Maiupol គឺ​នៅ​តែ​បន្ត​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​ពី​សំណាក់​កងទ័ព​រុស្ស៊ី​នៅឡើយ។ នេះ​បើតាម​ការ​ឲ្យដឹង​ពី​រដ្ឋមន្ត្រី​ខាងលើ៕

ប្រភព: CNN