ធ្មេចបើកៗការរាតត្បាតនៃជំងឺកូវីដ ១៩ បានកើតឡើងអស់រយៈពេលជាង ២ ឆ្នាំហើយ ហើយវាក៏នៅតែវិវត្តន៍ និងបំប្លែងទៅជាវីរុសថ្មីៗជាច្រើនផងដែរ ខណៈបច្ចុប្បន្នពិភពលោកកំពុងរិះរកគ្រប់វិធីសាស្ត្រក្នុងការព្យាបាលជំងឺមួយនេះឲ្យជាដាច់ស្រេច។
អាចនិយាយថា ការរាតត្បាតមួយនេះជះឥទ្ធិពលយ៉ាងខ្លាំងសម្រាប់មនុស្សទូទាំងពិភពលោក តែក៏មានមួយភាគតូចដែលឆ្លៀតឱកាសមួយនេះរកលុយបានយ៉ាងច្រើនអនេក ជាក់ស្ដែងដូចជាមហាសេដ្ឋីអាមេរិក ៧០៤ នាក់បានកើនទ្រព្យសម្បត្តិប្រមាណ ១,៧ ទ្រីលានដុល្លារសម្រាប់រយៈពេល ២ ឆ្នាំនោះ។
យោងតាមរបាយការណ៍ផ្ដល់ជូនដោយក្រុមតស៊ូមតិនយោបាយ Americans for Tax Fairness ហៅកាត់ ATF បានបង្ហាញថា មហាសេដ្ឋីអាមេរិក ៧០៤ នាក់មានទ្រព្យសម្បត្តិសរុបច្រើនជាងមនុស្ស ១៦៥ លាននាក់នៅក្នុងប្រទេសទៅទៀត។
“សម្រាប់ក្រុមមហាសេដ្ឋី ២ ឆ្នាំកន្លងមកនេះគឺជាពេលវេលាកើបលុយដ៏សប្បាយ តែសម្រាប់គ្រួសារជាច្រើនវិញ គឺទទួលបានភាពភ័យខ្លាច និងវិបត្តិហិរញ្ញវត្ថុជាខ្លាំង”។ នេះបើតាមសម្ដីរបស់លោក Frank Clemente ប្រធានប្រតិបត្តិនៃ ATF បានប្រាប់ទៅកាន់សារព័ត៌មាន។
ដោយឡែក ផ្អែកតាមការសន្និដ្ឋានថ្មីថ្មោងបានសង្កត់ធ្ងន់ថា ក្រុមមហាសេដ្ឋីអាចនឹងត្រូវបានអនុគ្រោះពន្ធ ដោយសារកំណើនទ្រព្យសម្បត្តិរបស់ពួកគេគឺមានច្រើនលើសលប់ ដែលវាមិនស្ថិតក្រោមការអនុម័តច្បាប់ពន្ធដាររបស់អាមេរិកនាពេលបច្ចុប្បន្នឡើយ។
ដើម្បីអាចដោះស្រាយបញ្ហាខាងលើបានអ្នកគាំទ្រ ATF ម្នាក់គឺសមាជិកព្រឺទ្ធសភា Ron Wyden បានផ្ដល់យោបល់សម្រាប់ការបង្កើតច្បាប់ទារពន្ធលើចំណូលរបស់មហាសេដ្ឋី ដែលអាចកំណត់រាល់ការបង់ពន្ធទៅលើប្រភពចំណូលដែលមិនមានស្ថិរភាពដូចជាការជួញដូរ ភាគហ៊ុនជាដើម។
បន្ថែមពីនោះ ATF បានទម្លាយឲ្យដឹងថា មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិកើនឡើងច្រើនបំផុតសម្រាប់ ២ ឆ្នាំកន្លងមកនេះគឺ Elon Musk កើន ២០៩ ពាន់លានដុល្លារ ខណៈសហស្ថាបនិក Google ទាំង ២ រូបគឺ Larry Page និង Sergey Brin កើនបានជាង ៦០ ពាន់លានដុល្លារក្នុងម្នាក់៕
ប្រភព: Commondreams