ដូចគ្រប់គ្នាបានដឹងរួចមកហើយថា ស្ទើរគ្រប់ប្រទេសជុំវិញពិភពលោក ពិសេសតំបន់អឺរ៉ុប និងលោកខាងលិចកំពុងសម្រុកដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅកាន់ប្រទេសរុស្ស៊ី និងមហាសេដ្ឋីរុស្ស៊ីជាច្រើននាក់ តួយ៉ាងដូចជាការរឹបអូសទ្រព្យសម្បត្តិជាដើម។
ហើយកាលពីថ្ងៃទី ១០ មីនាកន្លងទៅ រដ្ឋាភិបាលរុស្ស៊ីធ្លាប់បានព្រមានដល់ក្រុមហ៊ុនលោកខាងលិចដែលបង្អាក់ដំណើរការអាជីវកម្មនៅក្នុងប្រទេសថា នឹងរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុនរបស់ពួកគេ ជាការឆ្លើយតបទៅនឹងអ្វីដែលប្រទេសលោកខាងលិចបានធ្វើដាក់ប្រជាជនរុស្ស៊ី។
យ៉ាងណា ទង្វើមួយនេះគឺមិនត្រូវបានយល់ស្របពីអ្នកជំនួញមានបំផុតនៅរុស្ស៊ីគឺ Vladimir Potanin ឡើយ ដោយលោកយល់ឃើញថា ការរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនលោកខាងលិច នឹងធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចូលក្នុងរណ្ដៅកាន់តែជ្រៅ ពោលអាចនឹងវិលថយក្រោយទៅកាលពីជាង ១០០ ឆ្នាំមុនឯណោះ។
ប្រធានក្រុមហ៊ុន Norilsk Nickel ខាងលើបាននិយាយថា រុស្ស៊ីនឹងប្រឈមនឹងការវិលថយក្រោយនៃសេដ្ឋកិច្ចទៅកាន់ឆ្នាំ ១៩១៧ បើសិនជាហ៊ានរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនលោកខាងលិច ហើយលោកទទូចឲ្យរដ្ឋាភិបាលរុស្ស៊ីព្យាយាមរកដំណោះស្រាយថ្មី ក្រៅពីការរឹបអូសទ្រព្យសម្បត្តិមួយនេះ។
“ជាដំបូង វាអាចនឹងធ្វើឲ្យពួកយើងវិលទៅកាន់ឆ្នាំ ១៩១៧ វិញ ហើយផលវិបាកនៃការសម្រេចចិត្តបែបនោះ នឹងធ្វើឲ្យពិភពលោកកាន់តែអស់ជំនឿចិត្តមកកាន់រុស្ស៊ី ជាពិសេសគឺវិនិយោគិន”។ នេះបើតាមសារបង្ហោះនៅលើគណនី Telegram របស់ Norilsk Nickel។
“បន្ថែមពីនោះ ខ្ញុំយល់ថា ការសម្រេចចិត្តផ្អាកអាជីវកម្មរបស់ក្រុមហ៊ុនទាំងនោះនៅប្រទេសរុស្ស៊ីគឺជារឿងដែលសមស្របមួយ ហើយប្រហែលជាពួកគេក៏ទទួលបានសំពាធខ្លាំងពីមជ្ឈដ្ឋានសាធារណៈផងដែរ។ ដូច្នេះពួកគេនឹងវិលមកវិញឆាប់ៗ ហើយសម្រាប់ខ្ញុំផ្ទាល់ គួរតែទុកឱកាសសម្រាប់ពួកគេ”។
បញ្ជាក់ដែរថា មហាសេដ្ឋីមានបំផុតនៅរុស្ស៊ីម្នាក់នេះក៏ទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីតំបន់អឺរ៉ុប និងលោកខាងលិចខ្លាំងគួរសមដែរ ពោល Bloomberg បានអះអាងថា លោកបានបាត់បង់ទ្រព្យសម្បត្តិប្រមាណ ១/៤ ហើយបច្ចុប្បន្ននៅសល់ទ្រព្យសម្បត្តិ ២២,៥ ពាន់លានដុល្លារ ខណៈតម្លៃហ៊ុននៃក្រុមហ៊ុនធ្លាក់ចុះដល់ទៅ ៩០%នៅលើទីផ្សារហ៊ុន London៕
ប្រភព: CNN