ជាក្រុមហ៊ុនដែលផ្តល់សេវាដឹកជញ្ជូនឈានមុខគេមួយនៅកម្ពុជា ជាង ២ ឆ្នាំមកនេះ ក្រុមហ៊ុន Foodpanda ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់បានបើកសាខានៅប្រទេសកម្ពុជា ដោយចាប់ផ្តើមពីការិយាល័យតូចមួយ រហូតមកដល់ពេលនេះពង្រីកសេវាដល់ ១៥ ខេត្តក្រុងទូទាំងប្រទេស។
លោក Patrice Vignes នាយកគ្រប់គ្រងក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (Foodpanda Cambodia) បានឲ្យដឹងថា Foodpanda គឺជាកម្មវិធីដឹកជញ្ជូនចែកចាយអាហារ និងគ្រឿងទេសធំជាងគេនៅអាស៊ី ដែលប្រតិបត្តិការនៅក្នុងទីក្រុងជាង ៤០០។
Foodpanda បានបើកដំណើរការក្នុងប្រទេសកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានចាប់ផ្តើមពីការិយាល័យតូចមួយ ដោយសព្វថ្ងៃនេះ Foodpanda ដំណើរការនៅក្នុង ១៥ ខេត្តក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេល ២ឆ្នាំកន្លះ Foodpanda បានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយសព្វថ្ងៃនេះ មនុស្សរាប់ពាន់នាក់ដែលរួមមានអ្នកដឹកជញ្ជូន អ្នកជំនួញ និងអតិថិជន ធ្វើប្រតិបត្តិការជារៀងរាល់ថ្ងៃនៅលើកម្មវិធី Foodpanda តាមរយៈទូរស័ព្ទSmartphone។
លោកឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការមកដល់នៃក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (Foodpanda Cambodia) ដែលជាក្រុមហ៊ុនមានដើមកំណើតនៅប្រទេសអាល្លឺម៉ង់ និងបានពង្រីកអាជីវកម្មរបស់ខ្លួននៅតាមបណ្តាប្រទេសចំនួន៤០ប្រទេសជុំវិញពិភពលោក ក្នុងនោះមាន៧ប្រទេសក្នុងតំបន់អាស៊ានរួមមាន កម្ពុជា ថៃ ឡាវ សឹង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។
នាឱកាសសម្ពោធការិយាល័យកណ្តាលក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (Foodpanda Cambodia) កាលពីពេលថ្មីៗនេះ លោកលោកឈួន ដារ៉ា បានឲ្យដឹងថា វត្តមានរបស់ Foodpanda Cambodia បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការងារ និងប្រាក់ចំណូលជូនប្រជាជន ព្រមទាំងផ្តល់សេវាកម្មដឹកជញ្ជូនម្ហូបអាហារ និងគ្រឿងទេសផ្សេងៗទៀតជូនអតិថិជនតាមរយៈទូរស័ព្ទ Smartphone បានយ៉ាងឆាប់រហ័ស ដោយអតិថិជនអាចបញ្ជាទិញទំនិញពីភោជនីយដ្ឋាន និងហាងសម្ភារៈផ្សេងទៀតបានយ៉ាងងាយស្រួល។
បើតាមមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះក៏មើលឃើញដែរថា ការមកដល់របស់ Foodpanda Cambodia បានជួយសម្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា ជាពិសេសអាចជួយកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសកលផងដែរ។
លោក Patrice Vignes នាយកគ្រប់គ្រងក្រុមហ៊ុន Foodpanda បានបន្ថែមថា វត្តមានរបស់ Foodpanda នៅប្រទេសកម្ពុជាបានចូលរួមចំណែក ៣យ៉ាងសំខាន់ៗ រួមមាន៖ ទី១-ការជំរុញបច្ចេកវិទ្យា ការច្នៃប្រឌិត និងឌីជីថល (Driving Tech, Innovation and Digitalization), ទី២-ការពង្រឹង និងពង្រីកប្រព័ន្ធអេកូឡូស៊ីក្នុងស្រុក (Empowering and Growing Local Ecosystem) និងទី៣-ទំនួលខុសត្រូវសង្គម (Giving Back to Local Communities-CSR)៕