លោកជា ចាន់តូ ទេសាភិបាលធនាគារជាតិកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្ននេះមានធនាគារពាណិជ្ជវៀតណាមចំនួន ៥ និងការិយាល័យតំណាងចំនួន ១ កំពុងមានប្រតិបត្តិការនៅកម្ពុជា។
ធនាគារវៀតណាមដែលកំពុងវិនិយោគនៅកម្ពុជាមានដូចជា MB, BIDC, Agribank, Sacombank Cambodia និង SHB។
ក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជាកាលពីពេលថ្មីៗនេះ លោក ជា ចាន់តូ បានកោតសរសើរធនាគារពាណិជ្ជវៀតណាម ដែលបានរួមចំណែកគោរពច្បាប់ និងបទប្បញ្ញតិ្ត និងការអភិវឌ្ឍវិស័យធនាគារព្រមទាំងចូលរួមក្នុងកិច្ចការសង្គមនានានៅប្រទេសកម្ពុជា។
ដើម្បីសម្រួលពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគី បើតាមលោកជា ចាន់តូ ធនាគារកណ្តាលរបស់ប្រទេសកម្ពុជានិងវៀតណាម កំពុងជំរុញអភិវឌ្ឍប្រព័ន្ធទូទាត់អេឡិកត្រូនិច។
កន្លងមកក្រោមការគាំទ្ររបស់រដ្ឋាភិបាល និងស្ថានទូតវៀតណាម បានជួយបណ្តុះបណ្តាលធនធានមនុស្ស ដោយគិតរហូតដល់បច្ចុប្បន្ននេះមានមន្ត្រីធនាគារជាតិនៃកម្ពុជាចំនួន២៣រូប បានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា ពីប្រទេសវៀតណាម។
ក្រៅពីនេះរដ្ឋាភិបាលវៀតណាម ក៏បានផ្តល់ការគាំទ្រដល់ការធ្វើសមាហរណកម្មវិស័យធនាគារ និងការអភិវឌ្ឍប្រព័ន្ធទូទាត់ ជាពិសេសការជំរុញការទូទាត់អេឡិកត្រូនិច។
កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមបានឡើងដល់ជិត ១០ពាន់លានដុល្លារ បើទោះជាមានវិបត្តិកូវីដ-១៩ ក៏ដោយ។ ក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម រដ្ឋាភិបាលកម្ពុជា និងវៀតណាមបានប្តេជ្ញានឹងធ្វើឲ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរឈានដល់កម្រិត ១០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។
យោងតាមទិន្នន័យពីការិយាល័យពាណិជ្ជកម្មវៀតណាមនៅកម្ពុជា បើទោះជាមានផលប៉ះពាល់ពីជំងឺកូវីដ-១៩ក៏ដោយ ក៏ពាណិជ្ជកម្មសរុបរវាងវៀតណាម និងកម្ពុជាបានឈានដល់ ៩.៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១៕