រដ្ឋាភិបាល​អ៊ីតាលី​សម្រេចចិត្ត​ដកហូត​នាវា​ផ្ទាល់ខ្លួន​ធំ​បំផុត​ក្នុង​លោក​របស់​មហាសេដ្ឋី​រុស្ស៊ី​ម្នាក់

អន្តរជាតិ

កាលពី​ថ្ងៃសៅរ៍​កន្លងទៅ ក្រុម​ប៉ូលិស​របស់​ប្រទេស​អ៊ីតាលី​បាន​សម្រេច​ដក​ហូត និង​រក្សា​ទុក​នូវ​នាវា​ផ្ទាល់ខ្លួន​របស់​មហាសេដ្ឋី​រុស្ស៊ី Andrey Igorevich Melnichenko ខណៈ​ការ​រឹបអូស​មួយ​នេះ​ធ្វើឡើង​បន្ទាប់​ពី​ឈ្មោះ​របស់​មហាសេដ្ឋី​ខាងលើ​មាន​នៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​អឺរ៉ុប​ដាក់​ទៅ​កាន់​រុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាវា​មួយ​គ្រឿង​ដែល​ត្រូវបាន​រក្សា​ទុក​ដោយ​រដ្ឋាភិបាល​អ៊ីតាលី​គឺ​មាន​ប្រវែង​ដល់​ទៅ ១៤៣ ម៉ែត្រ ជាមួយ​តម្លៃ​ដល់​ទៅ ៧៩៤ លាន​ដុល្លារ និង​បាន​សាងសង់​នៅ​ប្រទេស​អាល្លឺម៉ង់​គឺ​ត្រូវបាន​ចាត់ទុក​ថា ជា​នាវាចរ​ធំ​បំផុត​នៅ​លើ​លោក។​

ដោយឡែក ម្ចាស់​នាវា​ខាងលើ​គឺ​ជា​អ្នកជំនួញ​ដ៏​ធំ​មួយរូប លើ​វិស័យ​ផលិត​ជី EuroChem Group និង​ក្រុមហ៊ុន SUEK តែ​ក្រុមហ៊ុន​ទាំង ២ ខាងលើ​បាន​អះអាង​កាលពី​ថ្ងៃព្រហស្បតិ៍​ថា លោក Melnichenko បាន​សម្រេចចិត្ត​លាលែង​ពី​សមាជិក​ក្រុម​ប្រឹក្សាភិបាល​នៅ​ក្រុមហ៊ុន​ទាំង ២ តាំងពី​ថ្ងៃពុធ​ម៉្លេះ។

ទន្ទឹម​នឹង​នោះ អ្នក​នាំពាក្យ​របស់​មហាសេដ្ឋី​ខាងលើ Alex Adreev បាន​ចេញ​មុខ​ជំទាស់​នឹង​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​មហាសេដ្ឋី​រូប​នេះ ដោយ​លោក​បាន​បញ្ជាក់​ថា អ្នក​ជំនួញ​ម្នាក់នេះ​មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​សោកនាដកម្ម​ដែល​កំពុង​កើតមាន​នៅ​អ៊ុយក្រែន​ឡើយ ហើយ​ការ​ដាក់ទណ្ឌកម្ម​ទៅលើ​លោក​ទាំង​បែបនេះ គឺ​ពិតជា​មិន​យុត្តិធម៌​ទាល់តែសោះ។

បញ្ជាក់​ដែរ​ថា តាំងពី​សប្ដាហ៍​មុន​​មក​ទល់​ពេលនេះ ក្រុម​ប៉ូលិស​អ៊ីតាលី​បាន​រឹបអូស​ភូមិគ្រឹះ និង​នាវា​ផ្ទាល់ខ្លួន​របស់​មហាសេដ្ឋី​រុស្ស៊ី​ជាច្រើន​នាក់​ដែល​កំពុង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អឺរ៉ុប ហើយ​បើ​គិត​ជាទឹកប្រាក់​គឺ​មាន​ច្រើនជាង ១ ពាន់​លាន​ដុល្លារ​ហើយ៕

ប្រភព: AFR