ការនាំចេញឈើ និងផលិតផលលើរបស់វៀតណាម ត្រូវបានគេរំពឹងថា នឹងអាចកើនឡើងដល់ ១៨,៥ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៥ និង ២០,៤ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០៣០ ស្របតាមផែនការ ដែលទើបតែអនុម័ត ដោយឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh កាលពីថ្ងៃទី ១០ ខែមីនាកន្លងទៅ ។
ជាក់ស្តែង ផែនការឆ្នាំ ២០២១-២០៣០ ដែលស្តីពិការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃឧស្សហកម្មកែច្នៃឈើ មានគោលបំណងប្រែក្លាយវិស័យនេះ ទៅជាសេដ្ឋកិច្ចដ៏សំខាន់មួយ នឹងលើកកម្ពស់ពាណិជ្ជកម្មផលិតផលឈើរបស់វៀតណាម ទាំងនៅក្នុងស្រុក និងក្រៅស្រុក ។
តាមរយ:ផែនការនោះផងដែរ តម្លៃឈើ និងផលិតឈើសម្រាប់ការនាំចេញ ត្រូវបានកំណត់ ២០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ និង ២៥ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ ខណ:សម្រាប់ការប្រើប្រាស់នៅក្នុងស្រុក ត្រូវបានកំណត់ ៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ និង ៦ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ ។
គួរឱ្យដឹងផងដែរថា រាល់ផលិតផលឈើ និងឈើសម្រាប់ការនាំចេញ និងប្រើប្រាស់នៅក្នុងស្រុក ត្រូវបានគេរំពឹងថា មានប្រភពចេញពីវត្ថុធាតុដើមពីឈើស្របច្បាប់ ដែលមានវិញ្ញាបនប័ត្រគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ។
យ៉ាងណា ដើម្បីអាចឆ្ពោះទៅរកគោលដៅទាំងនេះបាន ភារកិច្ចសំខាន់នៃផែនការ គឺត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកទំហំផលិតកម្ម។ ខណ:គម្រោងផ្សេងទៀត គឺការសម្លឹងរកមើលការកសាងមជ្ឈមណ្ឌលតាំងពិពណ៌គ្រឿងសង្ហារិមថ្នាក់ជាតិ និងលើកទឹកចិត្តដល់ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងរចនាផលិតផលឈើ បំពេញតាមតម្រូវការអ្នកប្រើប្រាស់ ៕
ប្រភព: VietnamPlus