ធនាគារវីង សម្ពោធបើកដំណើរជាផ្លូវការសាខាចំនួន២ទីតាំង នៅខណ្ឌសែនសុខ និងខណ្ឌដូនពេញ ដើម្បីពង្រីកការផ្តល់សេវាហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋកម្ពុជា ក្រោមវត្តមានលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធិពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២នេះ។
ក្នុងពិធីសម្ពោធនាព្រឹកនេះ ឃើញមានវត្តមានមហាសេដ្ឋីធំៗ និងឥស្សរជនថ្នាក់ដឹកនាំកំពូលៗចូលរួមជាភ្ញៀវកិត្តិយសច្រើនរូប ក្នុងនោះរួមមាន អ្នកឧកញ៉ា លី យ៉ុងផាត់ អ្នកឧកញ៉ា កុក អាន អ្នកឧកញ៉ា ហុង ពីវ អ្នកឧកញ៉ា សៀ ឬទ្ធី អ្នកឧកញ៉ា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អ្នកឧកញ៉ា គួច ម៉េងលី ឧកញ៉ា ថៃ ជាហួត ឧកញ៉ា លី ឃុនថៃ ឧកញ៉ា លឹម ហេង ឧកញ៉ា លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កើត រិទ្ធ លោក សុខ ពុទ្ធិវុធ លោក ហ៊ុន ម៉ានី លោក ហេង សួរ លោក ឃួង ស្រេង រួមនឹងឥស្សរជនជាច្រើនរូបទៀត។
ធនាគារ វីង បានចាប់ផ្តើមប្រតិបត្តិការលើសេវាទូទាត់ និងផ្ទេរប្រាក់ក្នុងនាមជាគ្រឹះស្ថានមិនមែនធនាគារនៅឆ្នាំ២០០៨ និងបានវិវត្តខ្លួនជាបន្តបន្ទាប់ក្លាយជាធនាគារឯកទេសក្នុងឆ្នាំ២០១៤ ហើយបន្ទាប់មកបានក្លាយជាធនាគារពាណិជ្ជ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិកាលពីឆ្នាំមុន។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា នៅចំពោះមុខវិបត្តិនៃជំងឺកូវីដ១៩ ធនាគារវីង បានចូលរួមអនុវត្តកម្មវិធីជំនួយសង្គមពិសេស រួមមានការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករចនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ដែលបានព្យួរការងារ ប្រជាជនមានបណ្ណក្រីក្រកម្រិត១ និងកម្រិ២ ប្រជាជនដែលរស់នៅតំបន់បិទខ្ទប់ និងគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈដែលកន្លងមក ធនាគារវីង គឺជាដៃគូយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយគាំពារសង្គម ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ។
ស្របពេលរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកម្មវិធី «សហហិរញ្ញប្បទាន» ដើម្បីជួយដល់សហគ្រាសធន់តូច និងមធ្យម ក្នុងរយៈពេល២ឆ្នាំ នៃការរាត្បាតជំងឺកូវីដ១៩ និងដើម្បីគាំទ្រដល់ដំណើការងើបឡើងវិញសេដ្ឋកិច្ចលោក ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ធនាគារវីង ក្នុងការពិនិត្យលទ្ធភាពផ្តល់ឥណទានឱ្យបានកាន់តែច្រើនដល់សហគ្រាសធន់តូច និងមធ្យម ដោយប្រើប្រាស់ដើមទុនផ្ទាល់របស់គ្រឹះស្ថាន ដើម្បីជួយសម្រាលសម្ពាធអាជីវកម្ម និងគាំទ្រដល់ផែនការពង្រីកអាជីកម្របស់ពួកគេដែលនឹងរួមចំណែកដល់ការបង្កើតការងារបន្ថែម និងការសម្រេចបានកំណើនសេដ្ឋកិច្ចជាតិសម្រាប់រយៈពេលទៅមុខ។
ទន្ទឹមនឹងនោះ ថ្លែងក្នុងពិធីបើកសម្ពោធនាព្រឹកនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានលើកឡើងថា ការបើកសម្ពោធសាខាធនាគារវីងទាំងពីរនេះ គឺជាព្រឹត្តិការណ៍ងសំខាន់មួយទៀតសម្រាប់ធនាគារវីង ដើម្បីពង្រីកការផ្តល់សេវាបន្ថែម ដើម្បីបម្រើសហគមន៍ឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបែបឌីជីថល ប្រកបដោយភាពច្នៃប្រឌិត ផ្តល់នូវផលិតផល និងសេវាកម្មដើម្បីដោះស្រាយបញ្ហារបស់អតិថិជន ក៏ដូចជាចាប់ដៃគូជាមួយក្រុមហ៊ុនធំៗ ឈានមុខគេនៅលើពិភពលោក។
អ្នកឧកញ៉ា បន្តថា បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកម្ម កាលពីខែមេសា ឆ្នាំមុន មក ធនាគារវីងបានបង្កើតផលិតផល និងសេវាកម្ម ហិរញ្ញវត្ថុជាច្រើនបន្ថែមទៀតច រួមមានសេវាឥណទាន និងសេវាប្រាក់បញ្ញើ ដើម្បីបំពេញបន្ថែមលើសេវាកម្មហិរញ្ញវត្ថុបែបឌីជីថលរបស់វីងដែលមានស្រាប់៕