តាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា ចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងអាសិបចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ កន្លងទៅ ការនាំចេញរបស់កម្ពុជានឹងកើនឡើង ៧.៣% ការវិនិយោគនឹងកើនឡើង២៣.៤% និងផលិតផលក្នុងស្រុកសរុបនឹងកើនឡើង ២%។
ថ្លែងក្នុងសិក្ខាសាលាស្តីពី “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់៖ ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន” នៅថ្ងៃទី១៤ ខែមីនាម្សិលមិញ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះនឹងរួមចំណែកយ៉ាងចាំបាច់ដល់ការស្តារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា និងប្រទេសសមាជិកពាក់ព័ន្ធ ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ព្រមទាំងជះឥទ្ធិពលវិជ្ជមានផ្សេងទៀតដល់ការអភិវឌ្ឍ តាមយៈការបង្កើតការងារ ការជំរុញការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ការទទួលបានផលប្រយោជន៍ប្រកបដោយបរិយាប័ន្នខ្ពស់។
លោកបន្តថា ក្រៅពីនេះ កិច្ចព្រមព្រៀងអាសិប ក៏បង្កើតជាក្របខណ្ឌគតិយុត្តទំនើបថ្មី ដែលជំរុញការធ្វើកំណែទម្រង់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ច្បាប់-គតិយុត្ត និងស្ថាប័ន ដើម្បីធានាស្តង់ដារខ្ពស់របស់កម្ពុជានាពេលខាងមុខ ស្របពេលដែលកម្ពុជាអាចនឹងចាកចេញពីឋានៈប្រទេសអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៨ និងគ្រោងប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ប្រកបដោយប្រសិទ្ធភាព។
លោករដ្ឋមន្ត្រីបន្ថែមថា កិច្ចព្រមព្រៀងអាសិបនេះមានសារសំខាន់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច និងបរិវត្តកម្មផ្នែករចនាសម្ព័ន្ធរបស់កម្ពុជានៅក្នុងនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ និងសកល។ លើសពីនេះ កិច្ចព្រមព្រៀងនេះ នឹងបង្កើតទីផ្សារបន្ថែមទៀតសម្រាប់មនុស្ស ២,២ ពាន់លាននាក់ ដែលមានផលិតផលក្នុងស្រុកសរុបប្រមាណ ២៦,២ ទ្រីលានដុល្លារអាម៉េរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំណែកប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក និង៣២.៥% នៃការវិនិយោគសកល។
ថ្លែងក្នុងសិក្ខាសាលានេះដែរ សាស្រ្តាចារ្យ ហ៊ីដេតូស៊ី នីស៊ីមូរ៉ា ប្រធានវិទ្យាស្ថាន ERIA បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងអាសិបពិតជាមានសារសំខាន់ខ្លាំងក្នុងការពង្រឹងឡើងវិញនូវប្រព័ន្ធពហុភាគីនិយម របបពាណិជ្ជកម្មអន្តរជាតិដែលផ្អែកលើវិធានច្បាប់ និងយុទ្ធនាការស្តារសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់ដែលរងគ្រោះពីវិបត្តិកូវីដ-១៩។
បន្ថែមលើនេះ កិច្ចព្រមព្រៀងអាសិបក៏បានធានាតម្លៃនៃមជ្ឈភាពអាស៊ាន ក្នុងការសម្របសម្រួលជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ និងការដាក់ចេញនូវទិសដៅសកម្មភាពនានា ក្រោមកិច្ចព្រមព្រៀងនេះផងដែរ។
ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យក៏បានលើកឡើងពីសៀវភៅស្តីពី “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់៖ ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន” ដែលជាសៀវភៅដំបូងដែលវិទ្យាស្ថាន ERIA បានធ្វើការវាយតម្លៃពីធាតុសំខាន់ៗនៃកិច្ចព្រមព្រៀងអាសិបនេះ។
បើតាមលោកសាស្រ្តាចារ្យ សៀវភៅនេះធ្វើការវិភាគពីផលបច្ច័យ បញ្ហា និងផលដែលរំពឹងទុកពីកិច្ចព្រមព្រៀងនេះ លើការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគតរបស់តំបន់ទាំងពីរ៕