ក្រុមហ៊ុន Foxconn ដែលផលិតទូរស័ព្ទ iPhone កំពុង​ចរចា​សង់​រោងចក្រតម្លៃ ៩ ពាន់លានដុល្លារ នៅអារ៉ាប៊ីសាអូឌីត

អន្តរជាតិ

យោងតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Foxconn Technology Group កំពុងតែពិភាក្សាជាមួយប្រទេសអារ៉ាប៊ីសាអូឌីត អំពីការចាប់ដៃគ្នា ក្នុងការសាងសង់រោងចក្រតម្លៃ ៩ ពាន់លានដុល្លារ សម្រាប់ការផលិតបន្ទះមីក្រូឈីប គ្រឿងបន្លាស់រថយន្ត និងគ្រឿងអេឡិចត្រូនិកផ្សេងៗទៀត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា អារ៉ាប៊ីសាអូឌីត កំពុងតែពិនិត្យមើលសំណើរបស់ក្រុមហ៊ុន Foxconn មួយនេះ សម្រាប់ការសាងសងរោងចក្រខ្នាតយក្សមួយ នៅក្នុងទីក្រុង Neom ដែលត្រូវបានគេស្គាល់ថាជាទីក្រុងផ្តោតខ្លាំងទៅលើបច្ចេកវិទ្យា និងកំពុងធ្វើការអភិវឌ្ឍនៅលើវាលខ្សាច់ ។

គួរឱ្យដឹងផងដែរថា Foxconn ជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក ដ៏ធំបំផុតមួយរបស់ពិភពលោក និងជាក្រុមហ៊ុនដែលផ្គត់ផ្គង់ដ៏ធំរបស់ Apple ផងដែរ ។ ហើយមកទល់ពេលនេះ ក្រុមហ៊ុនរបស់តៃវ៉ាន់ បានពង្រីកខ្លួន ទៅក្នុងវិស័យនានា រួមទាំងរថយន្តអគ្គិសនី និងបន្ទះឈីប ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។

យ៉ាងណា Foxconn និងក្រុមហ៊ុនរបស់តៃវ៉ាន់ផ្សេងទៀត ដូចជា TSMC កំពុងតែស្វែងរកការធ្វើចម្រុះកម្ម ទៅលើផលិតកម្មរបស់ពួកគេ ចំពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលបានជះឥទ្ធិពលដល់ឧស្សាហកម្មបន្ទះឈីបរបស់ពួកគេ ។

មិនតែប៉ុណ្ណោះ របាយការណ៍ពី Wall Street Journal បាននិយាយទៀតថា ក្រៅពីប្រទេសអារ៉ាប៊ីសាអូឌីត ក្រុមហ៊ុន Foxconn ក៏កំពុងពិភាក្សាជាមួយប្រទេសអារ៉ាប់រួមផងដែរ អំពីការរៀបចំគម្រោងដ៏មានសក្តានុពល នៅទីនោះ ៕

ប្រភព: CNA