ក្រុមហ៊ុនថាមពលថៃ PTT នឹងចូលកាន់កាប់ទីតាំងបូមហ្គាស នៅមីយ៉ាន់ម៉ា បន្ទាប់ពីការដកខ្លួនចេញរបស់ក្រុមហ៊ុន Total

អន្តរជាតិ

ក្រុមហ៊ុនប្រេង និងឧស្ម័នខ្នាតយក្សរបស់ថៃ PTT Exploration and Production Plc បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងចូលទៅកាន់កាប់កន្លែងបូមហ្គាស Yadana នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់ពីខែកក្កដាទៅ បន្ទាប់ពីក្រុមហ៊ុនថាមពល TotalEnergies របស់បារាំង សម្រេចចិត្តដកខ្លួនចេញ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងក្រុមហ៊ុនផលិតប្រេងធំៗ ដូចជា Chevron និង TotalEnergies បានប្រកាសអំពីការចាកចេញរបស់ពួកគេ ពីប្រទេសមីយ៉ាន់ម៉ា ដោយលើកឡើងពីស្ថានភាពរំលោភសិទ្ធិមនុស្សកាន់តែអាក្រក់ ក្រោយពីមានរដ្ឋប្រហារយោធា កាលពីឆ្នាំមុន ។

យ៉ាងណា ក្រុមហ៊ុន PTTEP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” បន្ទាប់ពីការសម្រេចចិត្ត របស់ក្រុមហ៊ុន TotalEnergies ក្នុងការដកខ្លួនចេពីគម្រោង Yadana ក្រុមហ៊ុន PTTEP បានគិតគូយ៉ាងល្អិតល្អន់ ក្នុងការបោះជំហាន ចូលទៅជំនួសតំណែង និងគ្រប់គ្រងទីតាំងនេះ ដើម្បី​បញ្ចៀស​នូវផលរំខាន ក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ” ។

លើសពីនេះ ក្រុមហ៊ុនខាងលើបានសង្កត់ធ្ងន់ទៀតថា Yadana គឺជាប្រភពសំខាន់ នៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ដល់ជីវភាពរស់នៅរបស់ប្រជាជន ទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ។

បញ្ជាក់ថាបច្ចុប្បន្នក្រុមហ៊ុន TotalEnergies មានភាគហ៊ុនចំនួន ៣១% នៅក្នុងទីតាំងបូមឧស្ម័ននេះ ។ ប៉ុន្តែនៅពេលកិច្ចព្រមព្រៀងនឹងត្រូវបញ្ចប់ នៅថ្ងៃទី ២០ ខែកក្កដា នោះក្រុមហ៊ុន PTTEP នឹងកាន់កាប់ភាគហ៊ុន ៣៧,១% ខណ:ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ Myanma Oil and Gas Enterprise មានភាគហ៊ុន ២១,៨% និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Chevron នឹងកាន់កាប់ ៤១,១% ។

គួរឱ្យដឹងផងដែរថា ប្រទេសមីយ៉ាន់ម៉ា បានស្ថិតនៅក្នុងភាពចលាចល ចាប់តាំងពីកងកម្លាំងយោធា បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត នៅក្នុងខែកុម្ភ: ឆ្នាំ ២០២១ ហើយបានប្រើប្រាស់កម្លាំងដ៏សាហាវ ដើម្បីបង្ក្រាបទៅលើក្រុមអ្នកតវ៉ា ដែលប្រឆាំងនឹងការគ្រប់គ្រងអំណាចរបស់ខ្លួន៕

ប្រភព: Bangkok Post