អាមេរិក​ចេញ​មុខ​ព្រមាន​​ចិន​មិន​ឲ្យ​ផ្គត់ផ្គង់​សព្វាវុធ​ ឬ​ក៏​ហិរញ្ញវត្ថុ​ទៅ​កាន់​រុស្ស៊ី​ឡើយ

អន្តរជាតិ

ដូច​បាន​ដឹង​រួច​មក​ហើយ​ថា រុស្ស៊ី​បច្ចុប្បន្ន​កំពុង​ទទួល​រង​នូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក ហើយ​អាមេរិក​ហាក់​ចេញ​មុខ​ខ្លាំង​ជាងគេ​លើ​បញ្ហា​មួយ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​នោះ កាលពី​ពេលថ្មីៗនេះ សហរដ្ឋអាមេរិក​បាន​ទាំង​ព្រមាន​ទៅ​ដល់​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី គឺ​មហាអំណាច​ចិន​ទៀត​ថា ហាម​មិន​ឲ្យ​ផ្គត់ផ្គង់​នូវ​ហិរញ្ញវត្ថុ ឬ​ក៏​សព្វាវុធ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ឲ្យសោះ ​សម្រាប់​កាលៈទេសៈ​មួយ​នេះ ស្របពេល​ប្រជាជន​រុស្ស៊ី​ជាច្រើន​នាក់​កំពុង​ប្រទះ​នូវ​ស្ថានភាព​ដ៏​យ៉ាប់យ៉ឺន​ជាមួយ​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​នេះ។

បើ​យោង​តាមការ​អះអាង​ពី​របាយការណ៍​ផ្លូវការ​ពី​សហរដ្ឋអាមេរិក រុស្ស៊ី​បាន​ស្នើ​ទៅ​កាន់​សម្ព័ន្ធមិត្ត​របស់​ពួកគេ គឺ​ប្រទេស​ចិន​សម្រាប់​ជំនួយ​ផ្នែក​កងទ័ព និង​ផ្នែក​ទ្រទ្រង់​សេដ្ឋកិច្ច​ ស្របពេល​រដ្ឋាភិបាល​ចិន​ក៏​ហាក់​យល់ព្រម​នឹង​សំណើ​មួយ​នេះ​ដូចគ្នា។

យ៉ាងណា ​រដ្ឋាភិបាល​រុស្ស៊ី​បាន​ចេញមុខ​ប្រកែក​នឹង​ការ​ចោទប្រកាន់​ខាងលើ ដោយ​បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​ចេះតែ​ចោទប្រកាន់​ដោយគ្មាន​អំណះអំណាង​ច្បាស់លាស់ ស្របពេល​រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​ចិន​ក៏​ចេញ​សេចក្ដី​បកស្រាយ​ដែរ ថា​ព័ត៌មាន​ខាងលើ​គឺ​មិន​ពិតឡើយ។

បញ្ជាក់​ដែរ ​ការ​ជួប​ចរចា​រវាង​អ៊ុយក្រែន និង​រុស្ស៊ី​គឺ​នៅ​តែ​បន្ត​ធ្វើឡើង ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​វិវាទ​មួយ​នេះ គឺ​នៅតែ​មិនទាន់​អាច​រក​ឃើញ​ពន្លឺ​នៅឡើយ ពោល​គឺ​ការ​ជួប​ចរចា​កាលពី​ថ្ងៃច័ន្ទ​តាម​រយៈ Video Call គឺ​មិន​បាន​លទ្ធផល​ជា​ដុំកំភួន​ឡើយ៕

ប្រភព: RT