ក្រុមហ៊ុន Khmer Fresh Milk ដែលអភិវឌ្ឍកសិដ្ឋានគិរីសួគ៌ (Kirisu Farm) លើការចិញ្ចឹមគោយកទឹកដោះធំគ្រោងពង្រីកការចែកចាយផលិតផលរបស់ខ្លួនដល់អតិថិជននៅតាមផ្ទះ ដោយបង្កើតឲ្យបានចន្លោះពី ២០ ទៅ ៣០ ទីតាំងនៅដំណាច់ឆ្នាំ២០២០។
លោកជី សិលា សហស្ថាបនិកនៃក្រុមហ៊ុន Khmer Fresh Milk បានប្រាប់បណ្តាញព័ត៌មានភ្នំពេញប៉ុស្តិ៍កាលពីពេលថ្មីៗនេះ បន្ទាប់ពីទទួលជោគជ័យពីការដាក់លក់ទឹកដោះគោស្រស់នៅតាមផ្សារទំនើបក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុនបានចាប់ផ្តើមពង្រីកការលក់របស់ខ្លួនទៅតាមផ្ទះ «គិរីសួគ៌ហៅស៍» នៅជាយរាជធានីភ្នំពេញ និងបណ្តាខេត្ត ដោយគ្រោងបង្កើតឱ្យបានចន្លោះពី ២០-៣០ ទីតាំងនៅត្រឹមដំណាច់ឆ្នាំ ២០២២ នេះ។
បើតាមលោកជី សិលា ចាប់ពីដើមឆ្នាំរហូតដល់ពេលនេះ ហាងគិរីសួគ៌ហៅស៍ បានបើកដំណើរការចំនួន ៩ ហើយនៅក្នុងរាជធានីភ្នំពេញ។
Khmer Fresh Milk គឺជាក្រុមហ៊ុនក្នុងស្រុកដែលបានបណ្តាក់ទុនប្រមាណ ១០ លានដុល្លារលើកសិដ្ឋានគិរីសួគ៌ (Kirisu Farm) ដើម្បីចិញ្ចឹមគោយកទឹកដោះលើដី ៣០០ ហិកតា ក្នុងស្រុកបាទី ខេត្តតាកែវ ដោយមានគោផ្តល់ទឹកដោះពូជ Holstein heifers ប្រមាណ ៥០០ ក្បាលមកពីប្រទេសអូស្ត្រាលី។ ក្រុមហ៊ុននេះក៏មានរោងចក្រកែច្នៃទឹកដោះគោស្រស់ផ្ទាល់ខ្លួន ដែលបានបើកដំណើរការកាលពីខែកក្កដា ឆ្នាំ ២០២០ ផងដែរ។
បើតាមសហស្ថាបនិកនៃក្រុមហ៊ុន Khmer Fresh Milk លោក ជី សិលា ការចិញ្ចឹមគោ និងការផលិតទឹកដោះគោរបស់ក្រុមហ៊ុន Khmer Fresh Milk កំពុងមានដំណើរការទៅមុខយ៉ាងរលូន ដោយបច្ចុប្បន្នក្នុងកសិដ្ឋានគិរីសួគ៌មានគោផ្តល់ទឹកដោះជិត ៧០០ ក្បាល ក្នុងនោះ ៥០០ ក្បាលជាពូជគោ Holstein heifers ដែលនាំចូលមកពីប្រទេសអូស្ត្រាលី និងប្រមាណ ២០០ ក្បាលទៀតជាកូនគោពូជ Holstein heifers កើតនៅស្រុកខ្មែរកាលពីឆ្នាំ ២០២០។
បច្ចុប្បន្នកសិដ្ឋានគិរីសួគ៌ អាចប្រមូលទឹកដោះគោបានប្រហែល ១២ ០០០ លីត្រក្នុង ១ ថ្ងៃ ដោយក្នុងនោះចំនួនជិត ១០ ០០០ លីត្រ ត្រូវបានចម្រាញ់ជាទឹកដោះគោស្រស់ (មាន ៣ ប្រភេទ) ក្រៅពីនោះក៏មានយ៉ៅអួរ (៤ រសជាតិ) និងប៊័រផងដែរ។
នៅកម្ពុជាមានកសិដ្ឋានធំៗ ចិញ្ចឹមគោយកទឹកដោះប្រមាណ ៣-៤ ប៉ុណ្ណោះ ដោយអាចមានសមត្ថភាពផ្គត់ផ្គង់តម្រូវការក្នុងស្រុកប្រហែលជាង ២០ ភាគរយ ហើយក្រៅពីនោះគឺជាផលិតផលនាំចូលពីក្រៅប្រទេស។ ក្រៅពី Kirisu Farm នៅកម្ពុជាមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗចំនួន ២ កន្លែងទៀត គឺកសិដ្ឋានផលិតទឹកដោះគោតេជោសែនឫស្សីត្រឹបក្នុងខេត្តព្រះវិហារ និងកសិដ្ឋាន Moo Moo Farms ក្នុងខេត្តកណ្តាល៕