រុស្ស៊ី​លេង​មួយ​ក្បាច់ ក្រុមហ៊ុន Meta ខាត​ថវិកា​ជិត ២ ពាន់​លាន​ដុល្លារ

អន្តរជាតិ

មួយ​រយៈកាល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា ការ​រិះគន់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin តាមរយៈ​បណ្ដាញ​សង្គម Facebook និង​បណ្ដាញ​សង្គម​ផ្សេងៗ​មាន​ការ​ផ្ទុះជាខ្លាំង រហូត​ដល់​មាន​អ្នក​ខ្លះ​បង្ហោះ​សារ​ចង់​ចាប់ខ្លួន ឬ​ក៏​គម្រាម​សម្លាប់​ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារ​យល់ឃើញ​ថា ក្រុមហ៊ុន Meta បាន​បើកដៃ​ឲ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​បញ្ចេញ​មតិ​រិះគន់​យ៉ាង​ទូលំទូលាយ​សម្រាប់​បញ្ហា​មួយ​នេះ រដ្ឋាភិបាល​រុស្ស៊ី​បាន​ធ្វើការ​បិទ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook និងInstagram ភ្លាមៗ​កាលពី​ពេល​កន្លង​ទៅ។

ការ​បិទ​បណ្ដាញ​សង្គម​ធំៗ​ទាំង ២ ខាងលើ​នេះ បាន​បណ្ដាល​ឲ្យ​ក្រុមហ៊ុនមេ Meta មាន​ការ​ខាតបង់​ជាខ្លាំង ដោយសារ​បាត់បង់​ប្រភព​ចំណូល​ស្ទើរ​ទាំងស្រុង​ពី​មហាអំណាច​រុស្ស៊ី ខណៈ​បើ​យោង​តាម​ការ​ចុះផ្សាយ​ពី Statista បាន​​ឲ្យ​ដឹង​ថា ប្រជាជន​រុស្ស៊ី​ប្រមាណ ៧០ លាន​នាក់​មាន​គណនី Facebook និង ៦៣ លាន​នាក់​កំពុង​ប្រើប្រាស់ Instagram។

មិនតែ​ប៉ុណ្ណោះ ការ​ហាមឃាត់​មិន​ឲ្យ​មាន​ការ​ប្រើប្រាស់ Facebook និង Instagram នេះ​ផងដែរ គឺ​បណ្ដាល​ឲ្យ Meta ខាតបង់​ប្រមាណ​ជិត ២ ពាន់​លាន​ដុល្លារ ខណៈ​ក្រៅពី Facebook និង Instagram រុស្ស៊ី​ក៏​កំពុង​រឹតបន្តឹង​ចំពោះ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេងៗ​ទៀត​ផងដែរ៕

ប្រភព: Forbes