ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំនៅប្រទេសកម្ពុជា បានសន្យាថា នឹងកៀគរអ្នកវិនិយោគពីប្រទេសរបស់ខ្លួន មកបោះទុនវិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅទឹកដីខេត្តកំពង់ស្ពឺ នាពេលខាងមុខនេះ។ ការលើកឡើងនេះ បានធ្វើឡើងគ្រាដែលលោក ឯកអគ្គរដ្ឋទូត ទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។
ឱកាសនោះ លោក ELDEEN HUSAINI HOHD HASHIM ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំនៅប្រទេសកម្ពុជា បានឲ្យដឹងថា «តាមការចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមក។ ខ្ញុំនិងកៀគរអ្នកវិនិយោគពីប្រទេសម៉ាឡេស៊ី មកធ្វើការវិនិយោគលើ វិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យអចលនទ្រព្យ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យអគ្គិសនីដើរដោយថាមពលព្រះអាទិត្យមកវិនិយោគនៅទឹកដីខេត្តកំពង់ស្ពឺនាពេលខាងមុខ»។
ទន្ទឹមគ្នានេះ ឯកអគ្គរដ្ឋទូតរូបនេះ ក៏នឹងអញ្ជើញអភិបាលខេត្តដឹកនាំគណៈប្រតិភូខេត្តកំពង់ស្ពឺ ទៅទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ដើម្បីធ្វើបទបង្ហាញពីសក្តានុពលដល់ធុរៈជនរបស់ម៉ាឡេស៊ីផងដែរ។
ជាការឆ្លើយតប លោក វ៉ី សំណាង ក៏បានបង្ហាញការស្វាគមន៍លោក ELDEEN HUSAINI HOHD HASHIM ចំពោះបំណងជំរុញការវិនិយោគលលើវិស័យសំខាន់ៗ ខាងលើនេះផងដែរ។
តាមរយៈដំណើរទស្សនកិច្ចសិក្សានេះដែរ ភាគីទាំងពីរ រំពឹងថា នៅពេលដែលអ្នកវិនិយោគរបស់ម៉ាឡេស៊ីមានចំណាប់អារម្មណ៍ហើយមកបណ្ដាក់ទុននៅក្នុងខេត្តកំពង់ស្ពឺ ពេលនោះប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ មានប្រាក់ចំណូលបន្ថែមទៀត តាមរយៈឱកាសការងារដែលអ្នកវិនិយោគរបស់ម៉ាឡេស៊ីមកបណ្ដាក់ទុននេះ។
គួរបញ្ជាក់ នៅក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្រ្តីពាណិជ្ជកម្មម៉ាឡេស៊ី កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២២កន្លងទៅបានបង្ហាញថា គិតត្រឹមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី បានឈានដល់ ៥០១ លានដុល្លារអាមេរិក កើនឡើងចំនួន ១៣ % បើធៀបនឹងឆ្នាំ២០២០។
ហើយក្នុងនោះដែរ ម៉ាទ្បេស៊ីឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងការនាំចូលអង្ករកម្ពុជា ក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ដោយក្នុងឆ្នាំ២០២១ ម៉ាទ្បេស៊ី បាននាំចូលអង្ករកម្ពុជាសរុបចំនួន ៤៦ ១៨១ តោន កើនទ្បើងចំនួន ៨% បើធៀបនឹងឆ្នាំ២០២០ផងដែរ
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តរក្សានូវទីផ្សារបើកចំហរ និងសម្រួលការវិនិយោគ សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត៕
អត្ថបទ៖រង្សី