ក្រុមហ៊ុនផ្សព្វផ្សាយធំៗចំនួន៣ គឺក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប របស់លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប របស់ឧកញ៉ា អ៊ឹង ឆៃងួន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ដែលបានដាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា។
ក្រុមហ៊ុនចម្រុះរវាងរដ្ឋនិងឯកជននេះ បង្កើតឡើងសម្រាប់គ្រប់គ្រង “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” ដើម្បីធ្វើឲ្យកម្ពុជា ឈានទៅសម្រេចឲ្យបានតាមអនុសាសន៍របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និយាយជារួម និងនិយាយដោយឡែក ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋា ភិបាលកម្ពុជា ដែលបានកំណត់យកឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ដោយតម្រូវឲ្យក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនទាំងអស់ មកប្រើប្រាស់សេវាថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា និងបន្តការផ្សាយព្រមគ្នា ជាប្រព័ន្ធអាណាឡូក និងប្រព័ន្ធឌីជីថលស្របគ្នាមុននឹងដល់ដំណាច់ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទសម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធអាណាឡូកជាស្ថាពរ។
ថ្លែងក្នុងពិធីចុះហត្ថលេខានាព្រឹកថ្ងៃទី១៧នេះ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប មានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្នុងការសហការគ្នាបង្កើតថ្នាលទូរទស្សន៍ឌីជីថលកម្ពុជានេះ ហើយក៏ជាផ្នែកមួយផងដែរ ក្នុងការគាំទ្រវិស័យផ្សព្វផ្សាយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្នកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ក្រោមម្លប់សន្តិភាព និងស្ថេរភាពនយោបាយ“។
ជាមួយគ្នានដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏បានមានប្រសាសន៍ថា “ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានទទួលការទុកចិត្តពីរាជរដ្ឋាភិបាលក្នុងការចាប់ដៃគូសហការគ្នាដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជានេះ និងមានមោទនភាពដែលបានចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុង វិស័យសោតទស្សន៍ និងផ្សព្វផ្សាយ ឲ្យទៅជាប្រព័ន្ធឌីជីថលពេញលេញ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមសម្រេចឲ្យបានសេដ្ឋកិច្ច សង្គមឌីជីថលកម្ពុជា ស្របតាមគន្លង ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤។
ដោយឡែក សម្រាប់ប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាស គ្រុប ឧកញ៉ា អ៊ឹង ឆៃងួន ក៏បានលើកឡើងផងដែរថា ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជានេះ នឹងនាំមកនូវទស្សនីយភាពនិងស្តង់ដាថ្មីស្រឡាងមួយទៀតដែលមានកម្រិតផ្សាយ គុណភាពខ្ពស់ ច្បាស់ត្រជាក់ភ្នែក កម្រិត UHD 4K ។
ឧកញ៉ាបន្តថា ទូរទស្សន៍ឌីជីថលនេះជាថ្នាលប្រមូលផ្តុំនៃកម្មវិធីសិល្បៈ កម្មវិធីកម្សាន្ត កម្មវិធីព័ត៌មាន ភាពយន្ត តន្រ្តី និង ទស្សនីយភាពដ៏សម្បូរបែបជាច្រើនទៀត ដែលធានានូវការផ្តល់ជូនចំណីចក្ខុដ៏រីករាយជូនទស្សនិកជនទូទាំងប្រទេស ក្នុងកន្លែងតែមួយ “One-Stop Media Services” ។
បើតាមឧកញ៉ា នេះជាភាពរីកចម្រើនមួយដ៏ធំក្នុងវិស័យសោតទស្សន៍ និង ផ្សព្វផ្សាយ ស្របតាមគោលនយោបាយរដ្ឋាភិបាលសម្រាប់សង្គមឌីជីថលកម្ពុជា ឲ្យដើរស្របតាមគន្លង ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤ ដូច្នេះការផ្លាស់ប្តូររូបរាងថ្មី និងបទពិសោធន៍នៃការកម្សាន្តនេះ ធ្វើឲ្យប្រទេសកម្ពុជា អាចដើរតាមបច្ចេកវិទ្យាឈានមុខទន្ទឹមនឹងឆាកអន្តរជាតិ ដោយទស្សនិកជនអាចទស្សនារាល់ទស្សនីយភាពដែលផលិតឡើងមានគុណភាពស្តង់ដាខ្ពស់ ច្បាស់ត្រជាក់ភ្នែក ពីគេហដ្ឋាន ឬមើលតាមទូរស័ព្ទដៃ គ្រប់ពេលវេលា គ្រប់ទីកន្លែង នៅលើថ្នាលតែមួយ។
លើសពីនេះ ក៏ជាការលើកទឹកចិត្តដល់ផលិតករ ឲ្យផលិតនូវទស្សនីយភាពមានគុណភាពខ្ពស់បន្តទៀត ដែលមានថ្នាលអាចបង្ហាញស្នាដៃរបស់ខ្លួនទៅកាន់ពិភពលោក។ លោកឧកញ៉ា អ៊ឹង ឆៃងួន បន្ថែម។
សូមជម្រាបជូនថា “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” ដែលជាក្រុមហ៊ុនចម្រុះរវាងរដ្ឋនិងឯកជនថ្មីនេះ នឹងផ្តល់ជូននូវសេវាថ្នាលទូរទស្សន៍ឌីជីថលផ្សាយតាមប្រព័ន្ធ DVB-T2 ដែលមានប៉ុស្តិ៍ច្រើនប្រភេទសម្បូរបែប សំដៅលើកស្ទួយ វិស័យព័ត៌មាន អប់រំ ចំណេះដឹង សិល្បៈកម្សាន្ត កីឡា និងទស្សនីយភាពត្រជាក់ៗ ដែលនាំមកនូវភាពសុខដុមរមនាដល់ក្រុមគ្រួសារកម្ពុជា៕