បណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានបង្ហាញនូវតួនាទី និងភារកិច្ចរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលជាសេនាធិការក្នុងការបណ្តុះ បណ្តាលធនធានមនុស្សក្នុងវិស័យយុត្តិធម៌។
ថ្លែងក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំផ្តាំផ្ញើដល់អតីតសិស្សក្រឡាបញ្ជីជំនាន់ទី៧ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ចំនួនសរុប ១១៧ រូប ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ នៅថ្ងៃទី១៦ ខែមីនានេះ បណ្ឌិតរដ្ឋ ឈន ព្រលឹង បានបញ្ជាក់ថា ចាប់តាំងពីពេលបង្កើតរហូតមកដល់ពេលបច្ចុប្បន្ន គឺមានការបណ្តុះបណ្តាលសិស្សក្រឡាបញ្ជីបាន ៧ ជំនាន់ រួចមកហើយ ដែលមានចំនួនសរុប ៦៨៩រូប (ស្ដ្រី ១៩៥រូប), នេះដោយមិនទាន់រាប់ បញ្ចូលសិស្សក្រឡាបញ្ជីជំនាន់ទី៨ ចំនួន ១០១រូប ផ្សេងទៀត ដែលសព្វថ្ងៃកំពុងត្រៀមទទួលការបណ្តុះបណ្តាលនៅឡើយនោះទេ។
ថ្លែងក្នុងពិធីសំណេះសំណាលនេះដែរ លោក កើត រិទ្ធ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈ តុលាការ ក្នុងការខិតខំផលិតធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ក្នុងនោះរួមមាន ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី ប្រកបដោយគុណភាព និងចំណេះដឹង ដើម្បីទៅបម្រើសេវាផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋ។
លើសពីនេះ លោករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីតួនាទី និងភារកិច្ចដ៏សំខាន់របស់ក្រឡាបញ្ជីនៅគ្រប់កិច្ចនៃនីតិវិធីដែលមិនអាចខ្វះបាន ព្រោះក្រឡាបញ្ជី គឺជាជំនួយដល់អង្គតុលាការ និងអង្គអយ្យការ។
ទន្ទឹមនឹងនេះ លោកបានណែនាំដល់ អតីតសិស្សក្រឡាបញ្ជីទាំងអស់ ដែលជាយុវជនទើបចាប់ផ្កើមវិជ្ជាជីវៈ ក្នុងនាមជាមន្ត្រីរបស់រាជរដ្ឋាភិបាល ត្រូវតែការពារសន្តិភាពជាដាច់ខាត ដើម្បីវិបុលភាពកម្ពុជា រួមទាំងបានធ្វើការផ្ដាំផ្ញើដល់អតីតសិស្សក្រឡាបញ្ជីទាំងអស់ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមច្បាប់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ៕