សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ប្រសិនបើជំលោះរវាងអ៊ុយក្រែន-រុស្ស៊ី នៅតែបន្តអូសបន្លាយទៅមុខ អាចនឹងជះឥទ្ធិពលអវិជ្ជមានលើកំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា ហើយកម្ពុជាកំពុងតាមដានដើម្បីរៀបចំគោលនយោបាយ និងដាក់ចេញនូវវិធានការអន្តរាគមន៍ចាំបាច់ឱ្យបានទាន់ពេល។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូចនេះ នៅក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវជំនួយវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ពីប្រជាជន និងរដ្ឋាភិបាលហុងគ្រី ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ បានឱ្យដឹងថា កម្ពុជារំពឹងថានឹងអាចស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការកែលម្អនូវចន្ទល់សេដ្ឋកិច្ចសំខាន់ៗ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងការស្វែងរកជន្ទល់ថ្មីប្រកបដោយសក្កានុពលពីវិស័យផ្សេង។ បើទោះបីជាសេដ្ឋកិច្ចនៅក្នុងវិស័យទេសចរណ៍នៅមិនទាន់ងើបឡើងវិញក៏ដោយ ក៏វិស័យសំខាន់មួយចំនួនបាននឹងកំពុងស្ដារនិងជំរុញដំណើរការជាប្រក្រតីឡើងវិញ ដែលជាលទ្ធផលកម្ពុជារំពឹងថានឹងធានាបានបានកំណើនសេដ្ឋកិច្ចក្នុងកម្រិតប្រមាណ៣ភាគរយក្នុងឆ្នាំ២០២១ និងអាចកើនឡើងដល់៥ភាគរយនៅឆ្នាំ២០២២។
សម្ដេចតេជោ បានឱ្យដឹងបន្តថា ភាពមិនប្រាកដប្រជានៅបន្តមានក្នុងកម្រិតគួរឱ្យព្រួយបារម្ភ។ ដោយសារការកើតមានឡើងនូវបញ្ហាប្រឈមនានាផ្សេងទៀត។ ជាក់ស្ដែង ជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ី អាចនឹងជះឥទ្ធិពលអវិជ្ជមានមកលើកំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចកម្ពុជា ប្រសិនបើជម្លោះនេះបន្តអូសបន្លាយទៅមុខ។ ក្នុងន័យនេះ កម្ពុជាបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះបញ្ហាប្រឈមទាំងនេះ ដើម្បីអាចរៀបចំគោលនយោបាយ និងដាក់ចេញនូវវិធានការអន្តរាគមន៍ចាំបាច់ឱ្យបានទាន់ពេល។
គួរបញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែនដែលបានចាប់ផ្ទុះឡើងកាលពីថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២២ កំពុងបន្ត បណ្តលមានការបាត់បង់ជីវិត និងរបួសជនស៊ីវិល និងយោធា ហើយបច្ចុប្បន្ន ពិភពលោកកំពុងតែតាមដានមើលយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ។ ជាមួយគ្នា ក្រោយសង្គ្រាមផ្ទុះឡើងរវាងរស្ស៊ី និងអ៊ុយក្រែន ជាង៣សប្ដាហ៍មកនេះ ក៏បានតម្លៃប្រេង នៅលើពិភពលោក បានហក់ឡើងកាន់តែខ្ពស់ ដែលកំពុងចោទជាបញ្ហាកាន់តែច្រើនសេដ្ឋកិច្ចពិភពលោក។ ជាក់ស្តែង តម្លៃប្រេងសាំងនៅតាមស្ថានីយ៍មួយចំនួនក្នុងប្រទេសកម្ពុជា ក៏មានការឡើងថ្លៃដែរ ដោយសាំងធម្មតា មួយលីត្រលក់ក្នុងតម្លៃជិត៥៣០០រៀល រីឯប្រេងម៉ាស៊ូត ៥៣០០រៀល៕