ជាទស្សនៈ
របស់លោក ឧកញ៉ា វេជ្ជបណ្ឌិត
គួច ម៉េងលី
វិស័យអប់រំនៅកម្ពុជានាពេលបច្ចុប្បន្ន
គឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់ហើយ
តែដើម្បីឱ្យកាន់តែរីកចម្រើនជាងនេះទៅទៀតនោះ
លោក ឧកញ៉ា យល់ឃើញថា
គួរតែធ្វើកំណែទម្រង់បន្តិច
ដោយឱ្យសិស្សចាប់ពីកម្រិតបឋមសិក្សារហូតដល់វិទ្យាល័យរៀនពេញមួយថ្ងៃ។
ហេតុអ្វី ត្រូវ មានការកែទម្រង់បែបនេះ?
លោកឧកញ៉ា
បានពន្យល់ថា ព្រោះថា
បើមួយថ្ងៃបង្រៀនសិស្ស៤ម៉ោង
គឺវាតិចខ្លាំងណាស់
ហើយប៉ះចំសាលាខ្លះលួចស៊ីម៉ោងសិស្សទៀត
បង្រៀនសិស្សក្នុងមួយថ្ងៃត្រឹមតែ៣ម៉ោង
តើបង្រៀនអំពីអ្វីទៅ៣ម៉ោងហ្នឹង?
ចំណែកសាលាខ្លះទៀតគ្រូមកបង្រៀនយឺតម៉ោងរាល់ព្រឹក
ហើយពេលថ្ងៃចេញមុនម៉ោងទៀត
បែបនេះរឹតតែគួរឱ្យព្រួយបារម្ភ។
លោកឧកញ៉ា
បានលើកឡើងថា មែនទែនទៅ
សាលាមួយចំនួនបង្រៀនសិស្សក្នុងមួយថ្ងៃមិនបាន៣ម៉ោងស្រួលបួលផង។
មុខវិជ្ជាខ្លះគ្រូត្រូវបង្រៀនសិស្ស១ម៉ោងពេញ
ប៉ុន្តែគាត់បង្រៀនត្រឹមតែ៣៥នាទី
ឬ៤០នាទី។ សួរថា ៣៥នាទី
ទៅ៤០នាទីហ្នឹង តើបង្រៀនស្អីគេ?
គ្រាន់តែស្រង់វត្តមានសិស្ស
វាចង់អស់ម៉ោងទៅហើយ។
ចំណែកមុខវិជ្ជាខ្លះទៀតត្រូវបង្រៀនក្នុងមួយសប្ដាហ៍៤ថ្ងៃ
ប៉ុន្តែគ្រូទទួលបន្ទុកបង្រៀនមុខវិជ្ជានោះសារ៉េចុះឡើងៗមកសល់ត្រឹមតែ២ថ្ងៃ
ឬ៣ថ្ងៃ។
លោកឧកញ៉ា
បានបន្តឲ្យដឹងថា
ជួនកាលសារ៉េសល់២ឬ៣ថ្ងៃហ្នឹងហើយ
គាត់អត់មកបង្រៀនទៀត
ព្រោះគាត់យកពេលវេលាហ្នឹងទៅបង្រៀនគួរ
ឬទៅបង្រៀននៅសាលាឯកជនដើម្បីរកចំណូលបន្ថែម។
គ្រូខ្លះបង្រៀនគួរយកលុយសិស្សហើយនៅឆ្លៀតទៅបង្រៀនសាលាឯកជន២ឬ៣សាលាទៀត។
អ៊ីចឹងតើគាត់មានពេលទៅបង្រៀនសិស្សសាលារដ្ឋគ្រប់គ្រាន់ឬទេ?
គឺអត់ទេ!
តាមការមើលឃើញរបស់លោកឧកញ៉ាផ្ទាល់
នៅប្រទេសអភិវឌ្ឍភាគច្រើនក្រសួងអប់រំគេឱ្យសិស្សរៀនពេញមួយថ្ងៃ
ម៉្លោះហើយបានជាសិស្សគេរៀនចប់មានចំណេះដឹងទូលំទូលាយ
និងមានសមត្ថភាពពិតប្រាកដ។
ភាគច្រើនគេឱ្យសិស្សចូលរៀននៅម៉ោង៨ព្រឹក
ហើយចេញពីរៀននៅម៉ោង៣រសៀល។
ចំពោះសិស្សថ្នាក់បឋមសិក្សា
និងអនុវិទ្យាល័យ
ពេលថ្ងៃគេឱ្យសម្រាកញ៉ាំអាហាររយៈពេល១ម៉ោង
ចំណែកសិស្សវិទ្យាល័យគេឱ្យសម្រាកត្រឹមតែ៤៥នាទីប៉ុណ្ណោះ។
ពេលវេលានៅសាលារៀនក្នុងមួយថ្ងៃៗច្រើនម៉ោងបែបនេះ
ធ្វើឱ្យសិស្សមានពេលវេលាលេងកីឡា
មានពេលរៀនសិល្បៈ មានពេលរៀនអំពីសង្គម
មានពេលរៀនអំពីគេហកិច្ច
មានពេលរៀនអំពីទំនាក់ទំនងសាធារណៈ
មានពេលរៀនអំពីជំនាញទន់
មានពេលរៀនជំនាញកុំព្យូទ័រ
មានពេលរៀនគូរគំនូរ
និងមានពេលវេលាចូលបណ្ណាល័យស្រាវជ្រាវឯកសារផ្សេងៗជាដើម។
អ៊ីចឹងហើយបានលោកឧកញ៉ាតែងនិយាយថា សិស្សថ្នាក់ទី១២ស្រុកយើង មានចំណេះដឹងស្មើនឹងសិស្សថ្នាក់ទី៩ស្រុកគេតែប៉ុណ្ណោះ ព្រោះសិស្សស្រុកគេរៀនក្នុងថ្នាក់១ម៉ោង គេមករៀនក្រៅថ្នាក់២ម៉ោងបន្ថែម ហើយយប់ឡើងដោះស្រាយចំណោទ មេរៀន លំហាត់ ដែលគ្រូដាក់ឱ្យធ្វើ ដល់ម៉ោង៣ទៀបភ្លឺមិនទាន់ហើយផង។
នៅស្រុកយើងបានតែរៀនពេញមួយថ្ងៃគឺរៀនពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍តែម្ដង ហើយរៀនពីម៉ោង៧កន្លះព្រឹកដល់ម៉ោង៥ល្ងាចទៀត។ បើពុំដូច្នោះទេ បើគាត់រៀនមួយព្រឹកវិញ គាត់ឆ្លៀតពេលទៅរៀនគួរបន្ថែម។ រៀនគួរបន្ថែមហើយ គិតថាខ្លួនអត់ចេះភាសាអង់គ្លេស ក៏រត់ទៅរៀនភាសាអង់គ្លេសទៀត។ រៀនភាសាអង់គ្លេសហើយ គាត់គិតទៀតថា បើអត់ចេះប្រើប្រាស់កុំព្យូទ័រ គឺពិបាកធ្វើកិច្ចការសាលានៅថ្នាក់មហាវិទ្យាល័យ ឬពិបាករកការងារធ្វើ ដូច្នេះគាត់ក៏ទៅរៀនកុំព្យូទ័រមួយជំនាញទៀត។
ក្រោយពេលរៀនកុំព្យូទ័រហើយ ឃើញគេចេះភាសាចិនគ្រប់គ្នា គាត់ក៏រត់ទៅរៀនភាសាចិនមួយមុខទៀត។ លុះពេលរៀនៗខ្វះលុយចាយ ពួកគាត់ក៏ចាប់ផ្ដើមឆ្លៀតពេលទៅធ្វើការងារនៅតាមហាងផឹកស៊ី ឬខារ៉ាអូខេ ដើម្បីរកលុយផ្គត់ផ្គង់ថ្លៃសិក្សា និងថ្លៃចាយវាយបន្ថែមទៀត។ ហេតុអ្វីយុវជនយើងមហាអភ័ព្វខ្លាំងម៉្ល៉េះ? ហេតុអ្វីក៏មមាញឹកខុសក្បួនបែបនេះ?
មួយថ្ងៃៗពួកគាត់រៀនឡើងខ្សោះខ្លួនអស់ហើយ រកពេលជួបជុំម៉ែឪបងប្អូនអត់បាន ហើយរកពេលដើរកម្សាន្តដើម្បីលម្ហែអារម្មណ៍ក៏អត់បានទៀត។ នៅស្រុកគេ គេរៀនពីព្រឹកដល់ល្ងាចក៏ពិតមែន ប៉ុន្តែគេរៀនពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ហើយព្រឹកឡើងគេចូលរៀននៅម៉ោង៨ និងចេញពីរៀននៅម៉ោង៣រសៀល។
នៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ គេនាំកូនទៅដើរកម្សាន្ត ទៅមើលកុន ទៅសារមន្ទីរ ឬទៅឡើងភ្នំមើលទេសភាពធម្មជាតិ ដើម្បីបណ្ដុះផ្នត់គំនិតកូនរបស់ពួកគេឱ្យស្រឡាញ់ធម្មជាតិ និងចេះថែរក្សាធម្មជាតិ។
លោក ឧកញ៉ា
វេជ្ជបណ្ឌិត គួច ម៉េងលី
សូមបញ្ជាក់ម្ដងទៀតថា
ដើម្បីឱ្យគុណភាពអប់រំកាន់តែរីកចម្រើន
យើងគួរតែប្ដូរកម្មវិធីសិក្សាឱ្យសិស្សរៀនពេញមួយថ្ងៃដូចគេ
(ចូលម៉ោង៨ព្រឹក
ចេញម៉ោង៣រសៀល)
គ្រូត្រូវតែមកបង្រៀនសិស្សឱ្យបានទៀងទាត់
និងមិនលួចស៊ីម៉ោងសិស្ស
ប៉ុន្តែបើគ្រូនោះអវត្តមាន
យើងត្រូវចាត់តាំងគ្រូផ្សេងមកបង្រៀនជំនួស។
ជាងនេះទៅទៀត គ្រប់បណ្ដាសាលារៀនរដ្ឋ
និងសាលារៀនឯកជនទាំងអស់ត្រូវតែរៀបចំឱ្យមានសោភណភាព
ផាសុកភាព និងធានាបាននូវសុវត្ថិភាពសិស្ស
ហើយសិស្សមករៀនត្រូវតែចូលរៀនជាកំហិត។
មិនត្រឹមតែប៉ុណ្ណោះ
គ្រូបង្រៀនគ្រប់រូបត្រូវតែចាត់ទុកសិស្សប្រៀបដូចជាកូនរបស់ខ្លួន
និងយកចិត្តទុកដាក់បង្រៀនពួកគេឱ្យអស់ពីសមត្ថភាព
ដោយកុំលាក់លៀមបៀមចំណេះទុកឱ្យសោះ៕
ប្រភព៖MJQ
University Press