យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Ho Du Phoc បានជូនដំណឹងដល់សមាជិកសភា កាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រទេសវៀតណាម បានយកពន្ធលើគេហទំព័រក្រៅស្រុក ដូចជា Google និង Facebook បានចំនួន ៥ ទ្រីលានដុង ឬ ២១៨ លានដុល្លារ ក្នុងឆ្នាំ ២០០៨ ដល់ ២០២១ ។
ជាក់ស្តែង លោក Phoc បាននិយាយថាទៀតថា ក្នុងរយ:ពេល ៤ ឆ្នាំ ក្រុមហ៊ុន Facebook បានបង់ពន្ធជូនរដ្ឋចំនួន ១,៦៩ ទ្រីលានដុង ស្របពេលក្រុមហ៊ុន Google ត្រូវបង់ ១,៦២ ទ្រីលានដុង និងក្រុមហ៊ុន Microsoft បានបង់ ៥៧៧ ពាន់លានដុង ។
មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីរូបនេះ បន្ថែមថា កាលពីឆ្នាំមុន វៀតណាម រកចំណូលបាន ១,៣២ ទ្រីលានដុង ពីការយកពន្ធលើគេហទំព័រក្រៅស្រុក ដែលបានកើនឡើង ១៥% បើធៀបនឹងឆ្នាំ ២០២០ ។
យ៉ាងណា អាជ្ញាធរវៀតណាម បាននឹងកំពុងអំពាវនាវឱ្យមានការយកពន្ធត្រឹមត្រូវ ពីក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស ដូចជា Facebook និង Google ដោយនិយាយថា ក្រុមហ៊ុនទាំងនេះ មានចំណែកប្រហែល ៧០% នៃទីផ្សារផ្សាយពាណិជ្ជកម្មអនឡាញ ប៉ុន្តែពួកគេបានប្រើមធ្យោបាយផ្សេងគ្នា ដើម្បីគេចវេសពីការបង់ពន្ធ ។
លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារ បាននិយាយថា កាលពីឆ្នាំមុន Facebook , Google , Netflix , YouTube និងគេហទំព័រក្រៅស្រុកផ្សេងទៀត មិនបានបំពេញកាតព្វកិច្ចបង់ពន្ធ នៅក្នុងប្រទេសវៀតណាមនោះទេ ហើយជាមួយគ្នានេះ ប្រទេសវៀតណាម ក៏កំពុងត្រៀមខ្លួន ដើម្បីធ្វើការយកពន្ធទៅលើអ្នកលក់អនឡាញផងដែរ ទាំងនៅលើគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសារតែការលក់នេះ បានកើនឡើងទ្វេដង នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ ៕
ប្រភព: VN Express