អគារមន្ទីរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាជំនួយសាងសង់របស់ចិនតម្លៃជាង ៨០លានដុល្លារ នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃ ២១ មីនា ក្រោយដំណើរការសាងសង់អស់រយៈពេល ៣ឆ្នាំ។
អាគារមន្ទីរពេទ្យរដ្ឋជាជំនួយរបស់រដ្ឋាភិបាលចិននេះ ត្រូវសាងសង់ឡើងផ្តោតលើគុណភាពនិងប្រើប្រាស់ថាមពលទាបបំផុត។
អាគារពេទ្យថ្មីក្រោមជំនួយចិនតម្លៃ ៨១ លានដុល្លារនេះ នឹងក្លាយជាមន្ទីរពេទ្យដំបូងគេក្នុងប្រទេសកម្ពុជា ដែលមានប្រព័ន្ធវេជ្ជសាស្រ្តទំនើប ប្រើប្រាស់ថាមពលទាប និងមានគុណភាពខ្ពស់។ ការងារសាងសង់គម្រោងអគារមន្ទីរពេទ្យនេះ បានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៨។
អាគារ «មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ» មានកំពស់ ១១ជាន់ ១៣២បន្ទប់ ឬ ស្មើនឹង ៤០០គ្រែ ត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ និងបែងចែកទៅជាផ្នែកផ្សេងៗ រួមមាន ផ្នែកវះកាត់ សេវាព្យាបាលក្រៅ សង្គ្រោះបន្ទាន់ បច្ចេកវិជ្ជាវេជ្ជសាស្ត្រ មន្ទីរពេទ្យ និងភស្តុភារ។ បើតាមក្រុមហ៊ុមម៉ៅការសាសងចិន អគារនេះមានសាងសង់ចំណតឧទ្ធម្ភាគចក្ររសម្រាប់សង្គ្រោះបន្ទាន់ ទម្ងន់មធ្យមពី ៣តោន ទៅ ៥តោន ផងដែរ។
ក្នុងកម្មវិធីសម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ចាប់ពីម៉ោង ០៥៖០០នាទី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចាប់ពីស្ពានអាកាស ៧ មករា ដល់វិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) និងកំណាត់ផ្លូវលេខ២៦៥ ចាប់ពីមហាវិថីកម្ពុជាក្រោម (ផ្លូវលេខ១២៨) ដល់វិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២)៕