Tiktok និង Microsoft បាន​ចុះបញ្ជី​​នៅ​កម្ពុជា​ អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម

សង្គម​ និង​សេដ្ឋកិច្ច

មេ​ពន្ធដារ​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​បរទេសចំនួន​ ៥ ក៏​មាន​ក្រុមហ៊ុន Tiktok និង Microsoft បាន​ចុះ​បញ្ជី​នៅកម្ពុជា ដើម្បីអនុវត្តអាករលើតម្លៃបន្ថែម (VAT)

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចូលរួម​ក្នុង​កម្មវិធីពិសេស ស្តីពីពន្ធលើប្រាក់ចំណូល, ពន្ធលើចំណេញមូលធន, អ.ត.ប ចំពោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធអេឡិចត្រូនិក របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង​ជាប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុនអន្ដរជាតិធំៗចំនួន៥ បានមកចុះបញ្ជីនៅកម្ពុជា ដើម្បី​អនុវត្ត​អាករ​លើតម្លៃបន្ថែម (VAT) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចាប់ពីខែមេសា ឆ្នាំ​២០២២ខាងមុខនេះ។

លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង​ជាប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃអគ្គនាយកដ្ឋានពន្ធដារ

លោក​បញ្ជាក់ថា ចំពោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក មិនមានការពន្យារពេលទៀតទេ។ រដ្ឋាភិបាល​បាន​ពន្យារការ​អនុវត្ដនៃ​ការដាក់​ឲ្យប្រើប្រាស់​ពន្ធ E-commerce ដល់ខែមេសា ខណៈ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏បានត្រៀម និង​កំពុងតែ​រៀបចំនូវកម្មវិធី នៃផ្នែកប្រព័ន្ធបច្ចេកវិទ្យា ដើម្បី​ទទួល​ប្រតិបត្តិការទាំងនេះផងដែរ។ ការអនុវត្តន៍អាករលើតម្លៃបន្ថែម (VAT)

បើ​តាម​មេ​ពន្ធដារ​រូប​នេះ ក្រុមហ៊ុនបរទេស សហគ្រាសចំនួន៥ ដែលបានមកចុះបញ្ជី ដែលក្នុងនោះរួមមាន៖

១៖ MICROSOFT REGIONAL SALES PTE.LTD

២៖ ZOHO CORPORATION PTE.LTD

៣៖ TATA CONSULTANCY SERVICE LIMITED

៤៖ MASTERCARD ASIA/PACIFIC PTE.LTD

៥៖ TIKTOK PTE.LTD។

លោក គង់ វិបុល ក៏​បញ្ជាក់​​ចំពោះ​ករណី​អ្នកជាប់ពន្ធនៅក្នុងស្រុក ដែល​លក់​តាម​ប្រព័ន្ធ​អនឡាញ អាច​មកចុះបញ្ជី ហើយ​បង់ពន្ធជាធម្មតា។ ដោយឡែកចំពោះអ្នកវិនិយោគក្រៅស្រុក ត្រូវមក​ចុះបញ្ជីសាមញ្ញ តាមប្រព័ន្ធអេឡិចត្រូនិក ឬក៏ចុះបញ្ជីតាមភ្នាក់ងារពន្ធដារ។

អនុក្រឹត្យ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ មានវិសាលភាពគ្របដណ្តប់ក្រុមហ៊ុនបរទេស ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍ (ទីតាំងស្នាក់ការ) នៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ដូចជាក្រុមហ៊ុនណាមួយ ដែល​មិនមាន​ទីតាំង​ក្រុមហ៊ុនរបស់ខ្លួននៅកម្ពុជា ប៉ុន្តែ​ក្រុមហ៊ុន​នោះ​មានអតិថិជនរបស់ខ្លួននៅកម្ពុជា ដូច្នេះ​អនុក្រឹត្យ​ថ្មី​នេះ មានវិសាលភាព​គ្របដណ្តប់ ទៅលើយក្រុមហ៊ុនប្រភេទនេះ។ នៅពេល​អតិថិជន​ក្នុងស្រុក​ទិញ​សេវា ឬផលិតឌីជីថល​ពីក្រុមហ៊ុន​ដែលមិនមានទីតាំងក្នុងស្រុកខ្មែរ ក្រុមហ៊ុននោះត្រូវកាត់​ទុក VAT ចំនួន១០%៕