បើយោងតាមការចុះផ្សាយពី Hurun Global Rich List ដែលបានសិក្សានិងតាមដានរាល់សកម្មភាពរបស់មហាសេដ្ឋីលើពិភពលោកបានបញ្ជាក់ឲ្យដឹងថា កាលពីឆ្នាំទៅ ២០២១ ប្រទេសចិនបានបាត់បង់មហាសេដ្ឋីដល់ទៅ ១៦០ នាក់ ដោយសារគំនាបសេដ្ឋកិច្ច និងច្បាប់នយោបាយថ្មីរបស់រដ្ឋាភិបាល។
“មហាសេដ្ឋីចិនជាច្រើនរូប បានជួបប្រទះនូវផលវិបាកជាច្រើនកាលពីឆ្នាំទៅ ដោយទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ៩ នាក់ក្នុងចំណោមអ្នកមានបំផុតទាំង ១០ បានធ្លាក់ចុះជាច្រើន ខណៈ ១៦០ នាក់ផ្សេងទៀត បានរបូតងារជាមហាសេដ្ឋីពី Hurun Rich List”។ នេះបើតាមសម្ដីរបស់ស្ថាបនិក Hurun និងជាប្រធានផ្នែកស្រាវជ្រាវ Rupert Hoogewerf បាននិយាយ។
ជាក់ស្ដែង កត្តាសំខាន់ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីចិនធ្លាក់ចុះយ៉ាងគំហុកបែបនេះ គឺដោយសាររដ្ឋាភិបាលបានពង្រឹងសុវត្ថិភាពផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) ដែលធ្វើឲ្យក្រុមហ៊ុនយក្សនៃវិស័យមួយនេះដូចជា Alibaba និង Pinduoduo មានការខាតបង់យ៉ាងធ្ងន់ធ្ងរ។
អ្នកដែលរងការខាតបង់ខ្លាំងបំផុតផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយ Hurun គឺស្ថាបនិករបស់ក្រុមហ៊ុន Pinduoduo ផ្ទាល់តែម្ដង ដោយទ្រព្យសម្បត្តិរបស់លោក Coling Huang បានធ្លាក់ពី ៦៩ ពាន់លានដុល្លារមកសល់មិនដល់ ២០ ពាន់លានដុល្លារផង ខណៈតម្លៃហ៊ុនរបស់ពួកគេធ្លាក់ដល់ទៅ ៣០%។
យ៉ាងណា បើទោះជាកាលពីឆ្នាំទៅ ចិនបាត់បង់មហាសេដ្ឋីដល់ទៅ ១៦០ នាក់ក្ដី តែបើតាមស្ថិតិថ្មីបំផុតរបស់ Hurun បានបញ្ជាក់ថា ពួកគេនៅតែជាប្រទេសមានអ្នកមានបំផុតលើលោកច្រើនជាងប្រទេសណាៗទាំងអស់ បន្ទាប់ពីមានមហាសេដ្ឋីថ្មី ៧៥ រូបបន្ថែមទៀត ដែលធ្វើឲ្យមហាសេដ្ឋីសរុបនៅចិនមានប្រមាណ ១ ១៣៣ នាក់ ឬប្រមាណ ៣៤% នៃមហាសេដ្ឋីលើលោក ៣ ៣៨១ នាក់៕
ប្រភព: Fortune