ថ្ងៃនេះ នាយករដ្ឋមន្ត្រីជប៉ុន មកទស្សនកិច្ចផ្លូវការនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី២០ ខែមីនានេះនឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។ ការធ្វើទស្សនកិច្ចលើកនេះ ធ្វើឡើងបន្ទាប់ពីលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងឆ្នាំ២០១៤មកម្ល៉េះ។ នេះបើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈស្ថានទូតជប៉ុន លោកនាយករដ្ឋមន្ត្រីជប៉ុន បានលើកឡើងថា កម្ពុជាសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចដ៏រឹងមាំចាប់តាំងពីបានទទួលនូវសន្តិភាព។ ខ្ញុំសូមយកឱកាសនេះសម្តែងនូវការគោរពដល់ប្រជាជនកម្ពុជាសារជាថ្មីម្តងទៀត ដល់ការខិតខំរបស់ប្រជាជនកម្ពុជារហូតមកដល់ពេលនេះ។

លោកបន្តថា ក្នុងអំឡុងពេលកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ ប៉ុន្តែស្ថានភាពក្នុងពិភពលោកជុំវិញប្រទេសទាំងពីរកាន់តែមានភាពស្មុគស្មាញ។

លោកបញ្ជាក់ថា ដើម្បីឱ្យប្រទេសជប៉ុន និងកម្ពុជា បន្តអភិវឌ្ឍជាមួយគ្នាក្នុងពិភពលោកប្រកបដោយស្ថិរភាព លោកមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយមានគោលបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជប៉ុន-កម្ពុជា។ ឆ្នាំនេះ គឺជាខួបលើកទី៣០នៃការចូលរួមរបស់ជប៉ុនក្នុងសកម្មភាពថែរក្សាសន្តិភាព(PKO) ជាលើកដំបូងមកកម្ពុជា។

ជប៉ុនបានដើរជាមួយកម្ពុជាលើផ្លូវឆ្ពោះទៅរកសន្តិភាព ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាបន្តបន្ទាប់នៅកម្ពុជា។ ជាឧទាហរណ៍ ប្រទេសជប៉ុនបាននិងកំពុងផ្តល់ការគាំទ្រអស់រយៈពេលជាច្រើនឆ្នាំ លើការដោះមីនតាមរយៈការផ្តល់ឧបករណ៍ និងការបញ្ជូនអ្នកជំនាញ និងលើវិស័យផ្គត់ផ្គង់ទឹកស្អាតដោយស្ថិរភាពនៅក្នុងរាជធានីភ្នំពេញជាដើម។

ហើយនៅពេលថ្មីៗនេះ ជប៉ុនបានផ្តល់វ៉ាក់សាំងប្រមាណ ១.៣លានដូស និងឥណទានសម្បទានសរុប ៤៥ពាន់លានយ៉េន ដើម្បីគាំទ្រដល់វិធានការរបស់រដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងកូវីត-១៩។

លើសពីនេះទៀត ជប៉ុនក៏មានគម្រោងគាំទ្រដល់ការអភិវឌ្ឍកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលជាសសរទ្រូងនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

លោកថ្លែងបញ្ជាក់៖ ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការទាំងនេះបាននាំឲ្យមានទំនាក់ទំនងទុកចិត្តគ្នាដ៏ស៊ីជម្រៅ រវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ។ ដោយផ្អែកលើទំនាក់ទំនងទុកចិត្តគ្នារបស់យើង ខ្ញុំនឹងធ្វើការពិភាក្សាយ៉ាងលំអិត ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនអំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសន្តិសុខ ដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

លោកបញ្ជាក់បន្ថែមថា ក្នុងដំណើរទស្សនកិច្ចនេះជើងនេះ ក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងតំបន់ រួមមានបញ្ហាអ៊ុយក្រែន និងមីយ៉ាន់ម៉ាជាដើម។ នាពេលបច្ចុប្បន្ន សហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងស្ថានភាពដែលអង្រួនមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន គឺជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ ហើយប្រាកដជាមិនអាចទទួលស្គាល់បានឡើយ។

គួររំលឹកថា ប្រទេសជប៉ុន និងកម្ពុជា បានចូលរួមជាមួយគ្នាជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការឈ្លានពានលើប្រទេសអ៊ុយក្រែន ហើយក៏បានសម្តែងការប្រឆាំងយ៉ាងច្បាស់ចំពោះការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំងជាឯកតោភាគីរបស់រុស្ស៊ី និងអំពើហិង្សាប្រឆាំងនឹងច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕