ថៃ ប្រមូលពន្ធបានជាង ៨៩ លានដុល្លារ ពីការលក់ទំនិញលើវេទិកាអនឡាញក្រៅស្រុក

អន្តរជាតិ

ថ្មីៗនេះ រដ្ឋាភិបាលរបស់ប្រទេសថៃ បានប្រកាសអំពីការប្រមូលពន្ធលើតម្លៃបន្ថែម (VAT) បានជាង ៣ ពាន់លានបាត ឬជាង ៨៩ លានដុល្លារ ពីការលក់ទំនិញនៅលើវេទិកាអនឡាញបរទេស នៅចន្លោះខែកញ្ញា ដល់ខែមករា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងប្រសិនបើនិន្នាការនៃការប្រមូលពន្ធនេះ នៅតែបន្ត វាត្រូវបានគេរំពឹងថារដ្ឋាភិបាលថៃ នឹងកើនឡើងចំណូលប្រហែល ១០ ពាន់លានបាត ក្នុងមួយឆ្នាំ ។

អ្នកនាំពាក្យរបស់រដ្ឋាភិបាល លោក Thanakorn Wangboonkongchana បាននិយាយថា នេះជាការអរគុណ ចំពោះការអនុវត្តច្បាប់ពន្ធ លើសេវាកម្មអេឡិចត្រូនិក ដែលបានចាប់ផ្តើមនៅក្នុងខែកញ្ញាមក ។

មិនតែប៉ុណ្ណោះ លោក Thanakorn និយាយទៀតថា ចំនួននៃសេវាកម្ម ដែលបានចុះបញ្ជីបានកើនឡើងដល់ ១២៧ ជាមួយនឹងបរិមាណនៃពាណិជ្ជកម្មអេឡិចត្រូនិក មានតម្លៃ ៤៤,៥ ពាន់លានបាត ក្នុងរយ:ពេល ៥ ឆ្នាំដំបូង ។ លោកបានសង្កត់ធ្ងន់ទៀតថា ពួកគេបានបង់ពន្ធសរុបជូនរដ្ឋ ចំនួន ៣,១២ ពាន់លានបាត ក្នុងអាករលើតម្លៃបន្ថែម នៅអំឡុងពេល ៥ ខែ ។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុនដែលមានកាតព្វកិច្ចត្រូវអនុវត្តពន្ធនេះ មានដូចជាក្រុមហ៊ុនផ្តល់សេវាកម្មអេឡិចត្រូនិក រួមទាំងក្រុមហ៊ុន ដែលគ្រប់គ្រងទៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក រួមទាំងការផ្សាយពាណិជ្ជកម្មតាមអ៊ីនធើណិត ការកក់កន្លែងស្នាក់នៅតាមអ៊ីនធើណិត តន្ត្រីអនឡាញ ការផ្សាយភាពយន្ត ហ្គេម និងកម្មវិធីអនឡាញ ផងដែរ ។

បញ្ជាក់ទៀតថា ការអនុវត្តច្បាប់ពន្ធលើសេវាកម្មអេឡិចត្រូនិក ក្នុងប្រទេសថៃ គឺបានដើរតាមគន្លងនៃប្រទេសជាង ៦០ ដែលបានធ្វើការប្រមូលពន្ធ លើតម្លៃបន្ថែម ពីក្រុមហ៊ុនផ្តល់សេវាកម្មអនឡាញក្រៅប្រទេស ៕

ប្រភព: Bangkok Post