អង្គការ​អន្តរជាតិ​មួយ​ទម្លាយ​ថា សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​នឹង​បង្ក​វិបត្តិ​ដល់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង

អន្តរជាតិ

សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី​ និង​ប្រទេស​ជិតខាង​អ៊ុយក្រែន​នៅ​តែ​បន្ត ខណៈ​ការ​ចរចា​កន្លង​មក​នៅ​មិនទាន់​អាច​រកដំណោះស្រាយ​ណាមួយ​សមស្រប​ក្នុង​ការ​បញ្ឈប់​ការ​ឈ្លាន​ពាន​មួយ​នេះ​បាន​នៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​នោះ​​ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ប្រកាស​កាលពី​ថ្ងៃច័ន្ទ​នេះ​ថា បើ​សិន​ជា​សង្គ្រាម​នៅ​តែ​អូសបន្លាយ​ នោះ​ស្ថានការណ៍​នឹង​កាន់តែ​អាក្រក់​ទៅៗ ហើយ​វា​នឹង​រីករាលដាល​ធំ​ឡើងៗ ជាក់ស្ដែង​បច្ចុប្បន្ន ប្រទេស​នៅ​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង​កំពុង​ទទួល​រង​ឥទ្ធិពល​សង្គ្រាម​​មួយ​នេះ​បណ្ដើរៗ​ហើយ។

“​សង្គ្រាម​រវាង​អ៊ុយក្រែន និង​រុស្ស៊ី​គឺ​កំពុង​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​ចំណីអាហារ ជាពិសេស​គឺ​ផលិតផល​កសិកម្ម​នៅ​ប្រទេស​ជាច្រើន​នៅ​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង​ធ្លាក់​ក្នុង​ស្ថានការណ៍​ដ៏​យ៉ាប់យ៉ឺន​មួយ ខណៈ​តម្លៃ​ចំណី​អាហារ​ក៏​កើនឡើង ស្របពេល​ភាព​ក្រីក្រ​ក៏​កាន់តែ​អាក្រក់​ទៅៗ”។

ជាក់ស្ដែង ប្រភព​ខាងលើ​បាន​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​អ៊ុយក្រែន​បាន​សម្រេច​ចិត្ត​បញ្ឈប់​ការ​នាំ​ចេញ​ចំពោះ​ផលិតផល​ផ្នែក​កសិកម្ម​រាប់​បញ្ចូល​ទាំង​ស្រូវសាលី ពោត គ្រាប់ធញ្ញជាតិ អំបិល និង​សាច់​កាលពី​ថ្ងៃទី ០៩ មីនា​មក​ម៉្លេះ។

មិនតែ​ប៉ុណ្ណោះ​អង្គការ​សិទ្ធិមនុស្ស HRW បាន​បញ្ជាក់​យ៉ាងច្បាស់​ថា បើ​ទោះ​ជា​បញ្ហា​ផ្គត់ផ្គង់​មួយ​នេះ​អាច​ដោះស្រាយ​បាន​ឆាប់ៗ​ក្ដី តែ​បញ្ហា​បែបនេះ​នឹង​អូស​បន្លាយ​យូរ​ទៀត​ ដ្បិត​កសិករ​រាប់​ពាន់​ម៉ឺន​នាក់​បាន​រត់​ភៀសខ្លួន​ ដោយសារ​សង្គ្រាម ខណៈ​សម្ភារៈ​ធ្វើ​ដំណាំ​ទាំងនោះ​ក៏​បាន​កំទេច​នៅ​ក្នុង​ហេតុការណ៍​នេះ​ទៀត ដូច្នេះ​បើ​សង្គ្រាម​នៅ​តែ​អូស​បន្លាយ​នោះ​ វិបត្តិ​ចំណី​អាហារ​នៅ​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង​នឹង​ធ្លាក់​ក្នុង​ស្ថានការណ៍​ដ៏​ពិបាក​មួយ។

បញ្ជាក់​បន្តិច​ថា រុស្ស៊ី និង​អ៊ុយក្រែន​មាន​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​នាំចេញ​ស្រូវសាលី​លើ​ទីផ្សារ​អន្តរជាតិ ពោល​ប្រទេស​ទាំង ២ នាំ​ចេញ​រហូត​ដល់ ៣០% ឯណោះ​ទូទាំង​ពិភពលោក៕​

ប្រភព: CNN