បិតាវិនិយោគិន Warren Buffett បានហក់ឡើងដល់តំណែងជាមហាសេដ្ឋីមានបំផុតលើលោក Top 5 ម្ដងទៀត បន្ទាប់ពីតម្លៃនៃហ៊ុនរបស់ Berkshire Hathaway មានការកើនឡើងខ្ពស់កប់ក្ដោងនៅរយៈពេលចុងក្រោយនេះ។
ជាលទ្ធផល ទ្រព្យសម្បត្តិរបស់បុរសវ័យ ៩១ ឆ្នាំ កើនបានដល់ទៅ ១៤,៨% ដែលធ្វើឲ្យទ្រព្យសម្បត្តិសរុបមានប្រមាណ ១២៥ ពាន់លានដុល្លារនៅឆ្នាំនេះ ដែលជួយឲ្យលោកជាប់ឈ្មោះជាអ្នកមានបំផុតលើលោកទី ៥ នៅក្នុងបញ្ជីឈ្មោះរបស់ Bloomberg Billionaires Index។
ខណៈទ្រព្យសម្បត្តិរបស់ Buffett កំពុងកើនខ្លាំងបែបនេះ តែមហាសេដ្ឋីផ្នែកបច្ចេកវិទ្យាដូចជា Elon Musk និង Jeff Bezos ជាដើម បែរជារបូតលុយជាច្រើនពាន់លានទៅវិញ ជាក់ស្ដែងប្រធានក្រុមហ៊ុន SpaceX របូតទ្រព្យ ១៧,៣% ខណៈស្ថាបនិក Amazon ខាតអស់ ៥,៤%។
រហស្សនាមជាបិតាវិនិយោគិន មិនមែនគ្រាន់តែសំញែងគេឡើយ ដោយកាលពីសប្ដាហ៍មុន Berkhire Hathaway បានជះលុយទិញភាគហ៊ុនប្រមាណ ៣០ លានហ៊ុននៃក្រុមហ៊ុន Occidental Petroleum ដែលជាក្រុមហ៊ុនប្រេង និងឧស្ម័ន។
ហើយកិច្ចព្រមព្រៀងនៃការទិញភាគហ៊ុននោះគឺមានតម្លៃប្រមាណ ១,៦ ពាន់លានដុល្លារ ដែលធ្វើឲ្យក្រុមហ៊ុនរបស់ Warren Buffett ក្លាយជាម្ចាស់ភាគហ៊ុនដ៏ធំមួយនៅ Occidental Petroleum ដែលកាន់កាប់ ១៤,៦% ឬមានប្រមាណ ១៣៦,៤ លានហ៊ុននៅក្នុងដៃ។
បញ្ជាក់ដែរថា គិតត្រឹមថ្ងៃ ២១ មីនា ២០២២ មហាសេដ្ឋីមានបំផុតលើលោកទាំង ៥ គឺ Elon Musk, Jeff Bezos, Bernard Arnault, Bill Gates និង Warren Buffett៕
ប្រភព: Thenationalnews