សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យរៀបចំនិងដាក់ឲ្យប្រើ​ប្រាស់ប្រព័ន្ធ​អភិ​បាល​កិច្ច​ឌី​ជីថល​​នៅរដ្ឋ​បាលថ្នាក់​ក្រោម​ជាតិ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវ​ បន្តជំរុញ​ការរៀបចំនិង​ដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងប្រព័ន្ធអភិបាលកិច្ចឌីជីថលនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញរបស់សម្តេចតេជោដូចនេះ បានធ្វើឡើងនៅ​ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យ​អនុវត្ត​កម្មវិធីជាតិ​សម្រាប់​ការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យនៅថ្នាក់​ក្រោមជាតិដំណាក់​កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ នៅរសៀលថ្ងៃទី២១ ខែមិនា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជំរុញការរៀបចំនិងដាក់ឲ្យប្រើប្រាស់នូវ​​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​និងប្រព័ន្ធ​អភិ​បាលកិច្ចឌីជីថលនេះ គឺដើម្បីធ្វើឲ្យមានប្រសិទ្ធភាពការងារ​រដ្ឋបាល​ផ្ទៃក្នុង  រដ្ឋបាលថ្នាក់ក្រោមជាតិនិងការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយប្រជាពលរដ្ឋ​ព្រម​​ទាំង​ធានាដល់​ការផ្ដល់សេវាសាធារណៈ​ជូនប្រជាពល​រដ្ឋ​បាន​ឆាប់​រហ័សទាន់ពេលវេលា និងមានតម្លាភាព។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏ណែនាំឲ្យ​រដ្ឋបាលថ្នាក់ក្រោមជាតិត្រូ​​វបន្ត​ពិនិត្យនិង​​កែលម្អគោលការណ៍​និង​កម្មវិធី​នានាដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធាន​មនុស្សដើម្បីលើកទឹកចិត្តការបំពេញការងារនៅ​រដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការផ្ដល់ថវិកា បន្ថែមលើលើបៀវត្ស និងការឧបត្ថម្ភផ្សេងៗ ការដំឡើងកម្រិតថ្នាក់​និងឋានន្តរស័ក​ក្នុង​មុខតំណែងនានា ឲ្យសមស្របទៅនឹងមុខជំនាញ​​ដើម្បីធានាការគ្រប់គ្រងធនធាន​មនុស្ស​ប្រកប​​ដោយប្រសិទ្ធភាពយុត្តិធម៌និងគ្មានការរើសអើង ៕