កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមួយដែលគេដឹងថាជាក្រុមហ៊ុនរបស់អ្នកស្រីស៊ូ សោភា បានបើកសម្ពោធជាផ្លូវការ។
អ្នកស្រី ស៊ូ សោភា ជាអ្នកជំនួញដែលបានចាប់មុខរបរតូចតាចរហូតក្លាយជាម្ចាស់ក្រុមហ៊ុន ដែលមានតម្លៃទុនវិនិយោគរាប់ម៉ឺនដុល្លារ។
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ ក្រុមហ៊ុន ផ្សារធម្មជាតិ ២៤ របស់អ្នកស្រីស៊ូ សោភា បានបើកដំណើរការជាផ្លូវការដែលមានការចូលរួមពីឧកញ៉ា អ្នកឧកញ៉ាជាច្រើនរូប ក្នុងនោះក៏មានការចូលរួមពីលោកជំទាវ ហ៊ុន ស៊ីណាតផងដែរ។
មុននឹងប្រែក្លាយលោកស្រី ស៊ូ សោភាពីអ្នកលក់ផ្លែឈើ បន្លែ ត្រីសាច់តាមសំយាបផ្ទះគេ គឺលោកស្រីបានបញ្ជាក់ប្រាប់ថា ការលក់របស់លោកស្រីគឺផ្សាភ្ជាប់នឹងការស្រឡាញ់ ចូលចិត្ត រស់រាយរាក់ទាក់ដាក់អតិថិជន រហូតមានការគាំទ្រខ្លាំងធ្វើឲ្យលោកស្រីមានដើមទុនឈានដល់ការជួលតូបតូចមួយដើម្បីលក់។
បើតាមអ្នកជំនួញស្រ្តីវ័យក្មេងរូបនេះ ការលក់មានទាំងក្នុងទីតាំងផ្ទាល់ព្រមទាំងលក់តាមបណ្ដាញអនឡាញផងដែរ។ បន្ទាប់ពីមានសមត្ថភាពជួលផ្ទះមួយល្វែងដើម្បីដាក់លក់ផលិតធម្មជាតិមានដូចជា បន្លែ ត្រីសាច់ជាដើម ព្រមទាំងមានលក់ផលិតផលថែរក្សារសម្រស់ផងដែរ ឥឡូវនេះលោកស្រីបានដើរមកដល់កន្លែងមួយជាទីមោទនគឺលោកស្រីអាចបើកក្រុមហ៊ុនផ្ទាល់ ដែលចំណាយដើមទុនប្រមាណជាងសាមសិបម៉ឺនដុល្លារ។
ក្នុងការលក់លោកស្រីបានបញ្ជាក់ប្រាប់ថា លោកស្រីលក់មិនបានសម្លឹងលើផលចំណេញច្រើនពេកទេ គឺតែងតែគិតជានិច្ចលើផលប្រយោជន៍ស្មើគ្នារវាងអ្នកទិញនិងអ្នកលក់ ព្រមទាំងគុណភាពនៃផលិតផលធម្មជាតិជូនដល់អតិថិជន។
លោកស្រីបានបញ្ជាក់ផងដែរថា នៅពេលឆាប់ៗនេះលោកស្រីនឹងជ្រើសរើសតំណាងចែកចាយ២៥ខេត្តក្រុងទៅលើផលិតផលថែរក្សាសម្រស់ដែលនាំចូលមកពីប្រទេសកូរ៉េ៕