ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតយន្តហោះ Boeing Co របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនដៃគូរបស់ពួកគេ បានធ្លាក់ចុះខ្លាំង កាលពីថ្ងៃចន្ទ បន្ទាប់ពីយន្តហោះប្រភេទ 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eestern Airlines ដែលផ្ទុកអ្នកដំណើរ ១៣២ នាក់ បានធ្លាក់នៅតំបន់ភ្នំភាគខាងត្បូងនៃប្រទេសចិន ។
គួរឱ្យដឹងថា យន្តហោះនេះ បានធ្លាក់ចុះពីកម្ពស់រាប់ពាន់ម៉ែត្រភ្លាមៗ ខណ:ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះរកមិនឃើញសញ្ញានៃអ្នកនៅរស់រានមានជីវិតឡើយ។ ហើយចំពោះមូលហេតុនៃការធ្លាក់យន្តហោះនេះ នៅមិនទាន់់ដឹងនៅឡើយទេ ស្របពេលក្រុមហ៊ុន Boeing បាននិយាយថា ខ្លួនកំពុងតែប្រឹងប្រែងខ្លាំង ដើម្បីប្រមូលព័ត៌មានជុំវិញការធ្លាក់នេះ ។
យន្តហោះ Boeing ប្រភេទ 737-800 នេះ មានសមត្ថភាពដឹកអ្នកដំណើរអតិបរមា ១៨៩ នាក់ ហើយត្រូវបានបំពាក់ដោយម៉ាស៊ីន CFM-56 ។ យ៉ាងណានេះបើតាមការឱ្យដឹងពីគេហទំព័រ របស់ក្រុមហ៊ុន Boeing ។
ជាក់ស្តែង ម៉ាស៊ីនប្រភេទ CFM ត្រូវបានគេដឹងថា ផលិតដោយក្រុមហ៊ុន General Electric Co និង Safran SA ដែលជាការបណ្តាក់ទុនរួមគ្នា ។ ហើយក្រោយកើតហេតុការណ៍នេះ ភាគហ៊ុនក្រុមហ៊ុន GE បានធ្លាក់ចុះ ប្រហែល ១% ខណ:ពេលដែល Safran បានធ្លាក់ចុះ ៣% ។
ជាមួយគ្នានេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះរហូតដល់ ៤,៥% នៅក្នុងការជួញដូរដំបូង ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍ចិន ADRs ដែលបានចុះបញ្ជីនៅអាមេរិក បានធ្លាក់ចុះប្រហែល ៩% ។
ដោយឡែក ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ Spirit AeroSystems Holdings Inc , Hexcel Corp និង Triumph Group Inc វិញ គឺបានធ្លាក់ចុះពី ១% ទៅដល់ ៤% ភាគរយឯណោះ ៕
ប្រភព: CNA