ប្រមុខរដ្ឋាភិបាលបានថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខ ២១ នៅព្រឹកនេះ ដោយបង្ហើបពីគម្រោងសាងសង់ស្ពានឆ្លងទន្លេពីភ្នំពេញភ្ជាប់ទៅតំបន់អរិយក្សត្រដែលជាគម្រោងជំនួយរបស់រដ្ឋាភិបាលកូរ៉េ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ស្ពានតភ្ជាប់ពីភ្នំពេញទៅកាន់តំបន់អរិយក្សត្រ បានសម្រេចយកទីតាំងសាងសង់ចេញពីម្តុំផ្សាររាត្រីទៅកាន់ជ្រោយចង្វា និងចេញជ្រោយចង្វាទៅអរិយក្សត្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ភ្នំពេញ ទៅអរិយក្សត្ររួចហើយ ដោយបានដាក់ជម្រើសទីតាំងជាច្រើនកន្លែង។ ក្រោយការសិក្សាគឺសម្រេចយកទីតាំងសាងសង់ចេញពីម្តុំផ្សាររាត្រី ទៅកាន់ជ្រោយចង្វា និងចេញជ្រោយចង្វាទៅអរិយក្សត្រ។
បើតាមប្រមុខរដ្ឋាភិបាល សមិទ្ធផលទាំងនេះ គឺកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលសម្តេចបានប្រឹងប្រែងពុះពារ ដើម្បីកសាងទំនាក់ទំនងឡើងកាលពីឆ្នាំ១៩៩៧។
គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានទៅតំបន់អរិយក្សត្រត្រូវបានគ្រោងជាច្រើនឆ្នាំមកហើយ។ កម្ពុជាបានស្នើសុំរដ្ឋាភិបាលកូរ៉េខាងត្បូងលើការសាងសង់ស្ពានឆ្លងកាត់ទន្លេទៅតំបន់អរិយក្សត្រ ខណៈកម្ពុជាមានស្ពានមិត្តភាពកម្ពុជា-ជប៉ុន ស្ពានមិត្តភាពកម្ពុជា-ចិន និងចង់បានស្ពានមិត្តភាពកម្ពុជា-កូរ៉េមួយទៀត។
ដំណឹងនៃការសាងសង់ស្ពានភ្ជាប់ទៅតំបន់អរិយក្សត្រ បានធ្វើឲ្យហាងឆេងដីធ្លីនៅតំបន់នោះហើបឡើងយ៉ាងខ្លាំង។ បើតាមឈ្មួញរកស៊ីអចលទ្រព្យ បច្ចុប្បន្នដីនៅអរិយក្សត្រតំបន់ល្អជាប់មាត់ទន្លេ មានតម្លៃជាមធ្យមក្នុងរង្វង់ ១ ០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ចំណែកដីឡូត៍លំនៅឋានមានតម្លៃក្នុងរង្វង់ ១០០-៣០០ ដុល្លារ និងដីសម្រាប់អភិវឌ្ឍន៍ធំៗមានតម្លៃជាមធ្យមចន្លោះពី ១៨០-២៥០ ដុល្លារ៕