បើតាមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាបានបញ្ជាក់ថា មានក្រុមហ៊ុនកូរ៉េប្រមាណ ៣០០ ក្រុមហ៊ុនកំពុងវិនិយោគផ្ទាល់នៅកម្ពុជា។
លោក Park Heung-kyeong ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េបានថ្លែងពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងសាធារណៈរដ្ឋកូរ៉េ និងកម្ពុជាក្នុងរយៈពេលជាង ២០ ឆ្នាំនេះ បានជំរុញកំណើនការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េនៅក្នុងប្រទេសកម្ពុជា។
ឯកអគ្គរដ្ឋទូតរូបនេះបានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១នៅព្រឹកមិញថាក្រោយពីភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាង ១៧ ដង ហើយមានក្រុមហ៊ុនកូរ៉េប្រមាណ ៣០០ក្រុមហ៊ុនកំពុងវិនិយោគផ្ទាល់នៅកម្ពុជា។
កម្ពុជានិងកូរ៉េបានចាប់ផ្តើមបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៩៧។ ឯកអគ្គរដ្ឋទូតកូរ៉េរូបនេះ ក៏បានបញ្ជាក់ថា ក្រោយពេលកម្ពុជានិងកូរ៉េបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីកាន់តែហក់ខ្ពស់ថែមទៀត។
ជុំវិញការលើកឡើងនេះដែរ សម្តេច ហ៊ុន សែន ក៏ចាត់ទុកដែរថា សមិទ្ធផលដែលកម្ពុជាទទួលបាននេះ បានកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលបានសម្តេចបានប្រឹងប្រែងពុះពារ ដើម្បីកសាងទំនាក់ទំនងឡើងកាលពីឆ្នាំ១៩៩៧៕