ប្រមុខរដ្ឋាភិបាលកម្ពុជា ណែនាំឱ្យប្រើឧទ្ធម្ភាគចក្រប្រតិបត្តិការបង្ក្រាបពួកល្មើសនេសាទ និងបញ្ជាឱ្យវៃខ្នោះជនលើ្មសនេសាទ ដោយមិនចាំបាច់មានគោលនយោបាយនោះឡើយ។ ការចេញបទបញ្ជានាពេលនេះ ធ្វើឡើងក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៣ ខែមីនាម្សិលមិញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមត្ថកិច្ចបង្ក្រាបបានតែបទល្មើសតូចតាច តែអាបទល្មើសធំ បង្ក្រាបអត់បានទេ។ ម្យ៉ាង បទល្មើសព្រៃឈើក៏ដូចគ្នាដែរ បង្ក្រាបបានតែបទល្មើសព្រៃឈើតូចតាច អាធំបង្ក្រាបអត់បាន។ សម្តេចតេជោ ហ៊ុន សែន បន្តថា មិនមែនព្រោះតែហេតុផលបង្ក្រាបបទល្មើសនេសាទមិនបាន យកលេសចង់បង្កើតឡូតិ៍នេសាទ ដែលសម្តេចបានលុបចោលនោះទេ។
យ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើបង្ក្រាបពួកប្រព្រឹត្តបទល្មើសនេសាទមិនបាន មិនបាច់ធ្វើអភិបាលខេត្ត ធ្វើរដ្ឋមន្ត្រី និងធ្វើមេនគរបាល មេយោធានោះទេ។ សម្តេចបន្ថែមទៀតថា កិច្ចប្រឹងប្រែងជាច្រើនរបស់រាជរដ្ឋាភិបាល ត្រូវកប់បាត់ព្រោះតែមន្ត្រីខិលខូចឃុបឃិតជាមួយជនល្មើស។ ពេលនិយាយមន្ត្រីនាំគ្នាធ្វើ ពេលអត់និយាយអត់នាំគ្នាធ្វើ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា ពេលច្បាប់ក្រសួងណាក៏ទារអំណាចដែរ ពេលបានអំណាចមិនអនុវត្ត។ សម្តេចបានប្រដូចថា ក្រសួងនីមួយៗទារតែដាវ តែពេលបានដាវមិនព្រមកាប់ ទុកឱ្យនាយករដ្ឋមន្ត្រីជាអ្នកកាប់ទៅវិញ។
សម្តេចបានគូសបញ្ជាក់ថា រៀនដល់បណ្ឌិតជលផល តែអនុវត្តការងារអត់គិតពីប្រយោជន៍ប្រជាជន៕