ភាគច្រើនស្វាយស្រស់របស់កម្ពុជា ត្រូវបាននាំចេញទៅប្រទេសជិតខាងកម្ពុជា ដូចជាវៀតណាម និងថៃ។ កាលពីខែឧសភា ឆ្នាំ២០២១ ផ្លែស្វាយស្រស់របស់កម្ពុជា ដែលជាស្វាយប្រភេទមានគុណភាព និងស្តង់ដារខ្ពស់ ត្រូវបាននាំចេញជាលើកដំបូង ទៅកាន់ប្រទេសចិន ដែលជាការបើកទីផ្សារថ្មី សម្រាប់ដំណាំស្វាយកម្ពុជា និងធ្វើឱ្យការនាំចេញរបស់កម្ពុជា កើនឡើងជាបន្តបន្ទាប់។
ទោះជាយ៉ាងនេះ ទីផ្សារថ្មីហាក់មិនបានជួយដោះស្រាយទីផ្សារដល់កសិករនោះទេ ក្នុងពេលរដូវប្រមូលផលកសិករនៅតែជួប បញ្ហាទីផ្សារ ដូចការធ្លាក់ចុះតម្លៃ និងសល់ចោលជាដើម។
ជាក់ស្តែង តម្លៃផ្លែស្វាយកែវរមៀតលើទីផ្សារដើមឆ្នាំ២០២២នេះនៅតែបន្តធ្លាក់ថ្លៃដដែរ ដោយតម្លៃស្វាយលក់ចេញឲ្យឈ្មួញ បានត្រឹមតែ ២០០រៀលក្នុងមួយគីឡូ ខណៈមុនវិបត្តិកូវីដ-១៩តម្លៃស្វាយជាមធ្យមបានចំនួន ៥០០រៀលក្នុងមួយគីឡូ។ ការនេះត្រូវបានអ្នកជំនាញក្នុងវិស័យកសិកម្មបង្ហាញការមើលឃើញថា តម្លៃទំនិញនៅលើទីផ្សារឡើងថ្លៃស្ទើរគ្រប់មុខ អភ័ព្វតែស្វាយរមៀតចុះថ្លៃស្ទើរដល់កម្រិតសូន្យទៅហើយ។
ពាណិជ្ជករផ្នែកកសិកម្មល្បីឈ្មោះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានថ្លែងថា៖ ថ្ងៃនេះខ្ញុំសុំនិយាយពីជីវិតពិតរបស់អ្នកប្រកបអាជីវកម្មដាំស្វាយកែវរមៀត សម្រាប់រដូវប្រមូលផលនៅដេីមឆ្នាំ២០២២នេះ តម្លៃផ្លែស្វាយក្រៅកញ្ចប់លក់អោយឈ្មួញក្នុងស្រុកបានតែ២០០រៀលមួយគីឡូទេ ពួកគាត់មកបេះដល់ចំការដឹកយកទៅលក់ចែកចាយបន្ត នៅតាមទីផ្សារក្នុងស្រុកបានតម្លៃជាមធ្យមតែ៥០០រៀលទេ បបេីប្រៀបធៀបតម្លៃកាលពីមុនវិបត្តិកូវិត១៩ តម្លៃផ្លែស្វាយកែវរមៀតក្រៅកញ្ចប់យ៉ាងថោកបំផុតក៏លក់បាន១.០០០រៀលដែរ។
លោកគូសបញ្ជាក់ថា នៅពេលនេះតម្លៃទំនិញឡេីងថ្លៃស្ទេីតែគ្រប់មុខ អភ័ព្វអីតែតម្លៃផ្លែស្វាយកែវរមៀតចុះថ្លៃស្ទេីតែដល់កំរិតសូនទៅហេីយ។ លោកថា ផលផ្លែស្វាយចំការរបស់លោលជាមធ្យមមួយរយតោនក្នុងមួយឆ្នាំៗ។
គួររំឭកថា កាលពីឆ្នាំ២០២១ កម្ពុជាបានចេញស្វាយបានប្រមាណជាង២៤ម៉ឺនតោន ក្នុងនោះនាំចេញទៅប្រទេសក្នុងចំនួន៤៧៧១តោន។
បន្ទាប់ពីស្វាយកម្ពុជាបាននាំចេញទៅចិនជាផ្លូវការ បច្ចុប្បន្ននេះក្រុមហ៊ុននាំចេញដែលមានកន្លែងលាងសំអាត វេចខ្ចប់ និងសម្លាប់សមាសភាពចង្រៃ ដែលបានចុះបញ្ជីជាមួយក្រសួងកសិកម្មមានចំនួន៥ ចំណែកកសិដ្ឋានដែលអនុវត្តតាមគោលការណ៍កសិកម្មល្អ ដែលបានចុះបញ្ជីជាមួយក្រសួងកសិកម្ម មានចំនួន៥០ ដែលមានផ្ទៃដីជាង២ម៉ឺនហិកតា ក្នុងចំណោមផ្ទៃដីដាំស្វាយសុរបជាង១០ម៉ឺនហិកតា ៕