ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) សាខាពោធិ៍សែនជ័យ-អូរដឹម និងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ជំនាន់ទី២ នៅព្រឹកមិញនេះ រដ្ឋមន្រ្តីក្រសួងសាធារណការនឹងដឹកជញ្ជូនបានឲ្យដឹងថា មានយានយន្ត ៤៩០ពាន់គ្រឿងនៅទូទាំងប្រទេស មិនទាន់បានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅឡើយ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងបទញ្ញត្តិច្បាប់ដែលតម្រូវឱ្យមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះមិនស្របតាមស្តង់ដាលក្ខណៈបច្ចេកទេស អាចបង្កគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ និងបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃកើតឡើងចេញពីកត្តាយានជំនិះមានប្រមាណ៣,៥% ដោយសារការមិនបានយកយានជំនិះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងទៀងទាត់។
បើតាមលោករដ្ឋមន្រ្តីមានយានជំនិះចំនួន៤៩០ពាន់គ្រឿងនៅទូទាំងប្រទេស មិនទាន់បានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅឡើយ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់យានជំនិះទាំងនោះប្រញាប់យកយានជំនិះមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់ និងទាន់ពេលវេលាដើម្បីសុវត្ថិភាពគ្រួសារនិងអ្នកប្រើប្រាស់ដងផ្លូវ។
តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា កត្តាដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍មានកត្តាធំៗចំនួន៣គឺ៖ (១) កត្តាមនុស្ស៩៦% (២) កត្តាយានយន្ត ៣,៥% និង (៣) កត្តាផ្លូវ ថ្នល់ និងអាកាសធាតុ០,៥%។
បើតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ចំនួនរថយន្តដែលបានចុះបញ្ជីបានកើនឡើងដល់ប្រមាណ ៩២០,០០០គ្រឿង ខណៈម៉ូតូមានចំនួនប្រមាណ ៥,២លានគ្រឿង។ ចាប់តាំងពីឆ្នាំ១៩៩៨ ចំនួនរថយន្តបានកើនឡើងពី៦៥,០០០ ដល់៩២០,០០០ ហើយចំនួនម៉ូតូបានកើនឡើងពី២០០,០០០ ទៅ ៥,២ លានគ្រឿង។