កាលពីព្រឹកថ្ងៃច័ន្ទកន្លងទៅ ប្រធានាធិបតី Joe Biden បានប្រកាសពីគម្រោងចំណាយសម្រាប់ឆ្នាំ ២០២៣ ដែលក្នុងនោះលោកក៏បានប្រកាសដែរថា ផែនការទារពន្ធពីមហាសេដ្ឋីអាមេរិកនឹងកើតមានឡើង។
ទន្ទឹមនឹងនោះ សារព័ត៌មាន Washington Post និងតាមការឲ្យដឹងតាមរយៈឯកសាររដ្ឋបាលផ្ទៃក្នុងបានទម្លាយថា គម្រោងទារ “ពន្ធចំណូលទាបបំផុតរបស់មហាសេដ្ឋី” នឹងនឹងបង្កើតអត្រាពន្ធអប្បបរមា ២០% លើគ្រួសារអាមេរិកទាំងអស់ដែលមានតម្លៃលើសពី ១០០ លានដុល្លារ។
នេះក៏មានន័យថា ប្រាក់ពន្ធភាគច្រើននឹងបានមកពីពួកមហាសេដ្ឋីដែលស្ថិតនៅក្រោមការឃ្លាំមើលពីរដ្ឋាភិបាលដែលមានបំណងចង់គេចពន្ធតាមមធ្យោបាយផ្សេងៗ និងជាគោលដៅរបស់សាធារណជនផងដែរ។
ប្រភពខាងលើបានអះអាងទៀតថា ផែនការមួយនេះនឹងក្លាយជាការទារពន្ធលើមហាសេដ្ឋីជាង ៧០០ នាក់នៅអាមេរិកលើកដំបូងបំផុត ស្របពេលការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន និងក្រុមប្រឹក្សានៃទីប្រឹក្សាសេដ្ឋកិច្ចបានប៉ាន់ប្រមាណថា មហាសេដ្ឋីអាមេរិកចំនួនជាង ៤០០ គ្រួសារបានបង់ពន្ធសហព័ន្ធជាមធ្យមប្រហែល ៨% នៃប្រាក់ចំណូលរបស់ពួកគេចន្លោះឆ្នាំ ២០១០ និង ២០១៨ ពោលគឺទាបជាងប្រជាជនអាមេរិករាប់លាននាក់ដែលមិនសូវមានទ្រព្យសម្បត្តិច្រើន។
សារព័ត៌មានអាមេរិកមួយនេះថែមទាំងបញ្ជាក់ទៀតថា បើយោងតាមឯកសាររដ្ឋបាល គឺពួកគេនឹងទាមទារពន្ធនៃប្រាក់ចំណូលពីមហាសេដ្ឋីអាមេរិកយ៉ាងហោចណាស់ ២០% នៃប្រាក់ចំណូលសរុបរបស់ពួកគេ និងធានាថាក្រុមមហាសេដ្ឋីនឹងលែងបង់ពន្ធទាបជាងគ្រូបង្រៀន និងអ្នកពន្លត់អគ្គិភ័យទៀតហើយ។
បញ្ជាក់ដែរថា កន្លងមកការទាមទារពន្ធទៅលើក្រុមមហាសេដ្ឋីអាមេរិកគឺហាក់មានចន្លោះប្រហោងខ្លាំង ដែលធ្វើឲ្យក្រុមមហាជន និងបក្សប្រឆាំងតែងតែបង្ហាញការមិនពេញចិត្តត្រង់ចំណុចនេះរបស់រដ្ឋាភិបាល៕
ប្រភព: Theguardian