យោងតាមការសិក្សាថ្មីមួយ ពីក្រុមហ៊ុនគណនេយ្យ Tipalti Approve បានបង្ហាញថា លោក Elon Musk នឹងក្លាយជាមហាសេដ្ឋីដំបូងគេបង្អស់របស់ពិភពលោក ដែលមានទ្រព្យសម្បត្តិទ្រីលានដុល្លារ នៅឆ្នាំ ២០២៤ ។
ជាក់ស្តែង បច្ចុប្បន្ននេះ លោក Musk មានទ្រព្យសម្បត្តិសរុបប្រហែល ២០០ ពាន់លានដុល្លារ ដែលជាចំនួនដ៏ខ្ពស់បំផុតមួយ ក្នុងចំណោមមហាសេដ្ឋីដទៃទៀត។ ហើយគិតត្រឹមពាក់កណ្តាលខែមករា នៅឆ្នាំនេះ តួលេខនោះបានកើនឡើងដល់ ២៦៣ ពាន់លានដុល្លារ។
គួរឱ្យដឹងថា ការងារ ដែលបានផ្តល់ប្រាក់ចំណេញច្រើនបំផុតសម្រាប់លោក Musk គឺក្រុមហ៊ុន Tesla ដែលវាបានរួមចំណែក ជួយឱ្យទ្រព្យសម្បត្តិរបស់គាត់មានការកើនឡើងខ្ពស់បែបនេះ ខណ:មួយផ្សេងទៀត គឺបានមកពីគម្រោង SpaceX ។
មិនតែប៉ុណ្ណោះ ការសិក្សាពី Tipalti Approve បាននិយាយថា “ចាប់តាំងពីឆ្នាំ ២០១៧ មក ទ្រព្យសម្បត្តិរបស់លោក Musk បានកើនឡើងជាមធ្យមប្រចាំឆ្នាំ ១២៩% ដែលនេះអាចមើលឃើញថាគាត់ នឹងក្លាយជាមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិទ្រីលានដុល្លារ នៅក្នុងរយ:ពេល ២ ឆ្នាំ ឬតិចជាងនេះ ខណ:គាត់នឹងទទួយលបានទ្រព្យសម្បត្តិសរុបចំនួន ១,៣៨ ទ្រីលានដុល្លារ នៅឆ្នាំ ២០២៤ ជាមួយអាយុ ៥២ ឆ្នាំ ” ។
ប្រភពដដែលនេះ បានបញ្ជាក់ទៀតថា មហាសេដ្ឋីផ្សេងទៀត ដូចជា លោក Gautam Adani ដែលជាប្រធាន និងជាស្ថាបនិកក្រុមហ៊ុនឥណ្ឌា Adani Group រួមជាមួយស្ថាបនិកក្រុម Microsoft លោក Bill Gates , ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Beijing ByteDance Technology Co លោក Zhang Yiming និងអតីតនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos ក៏នឹងក្លាយជាមហាសេដ្ឋីលុយទ្រីលានដុល្លារ នាពេលអនាគតផងដែរ ៕
ប្រភព: Greekreporter