កាលពីថ្ងៃច័ន្ទកន្លងទៅ ក្រុមហ៊ុនលក់ទំនិញរាយធំបំផុតលើលោក Walmart បានប្រកាសថា ពួកគេនឹងបញ្ឈប់ការលក់បារី និងផលិតផលថ្នាំជក់នៅសាខាខ្លះនៃសាខាច្រើនជាង ៥ ០០០ ទូទាំងសហរដ្ឋអាមេរិក។
បើទោះជាមិនបានបង្ហើបពីតួលេខពិតប្រាកដនៃចំនួនហាងដែលនឹងផ្អាកការលក់ផលិតផលមានសារជាតិថ្នាំជក់ក៏ពិតមែន តែពួកគេក៏បង្ហើបពីទីតាំងដែលនឹងបញ្ឈប់ការលក់បារីដែរ ដោយហាងនៅ California, Florida និង New Mexico នឹងលែងមានលក់បារីទៀតហើយ។
ដោយឡែកបើតាមការចុះផ្សាយពី Wall Street Journal បានឲ្យដឹងថា ថ្វីបើ Walmart បញ្ជាក់ថា ពួកគេនឹងបញ្ឈប់ការលក់បារីក៏ពិតមែន តែក៏នឹងមិនចាកចេញពីផលិតផលប្រភេទនេះទាំងស្រុងដែរ។
រំលឹកដែរថា កាលពីឆ្នាំ ២០១៤ CVS បានក្លាយជាហាងលក់ឱសថតំបូងបំផុតនៅអាមេរិក ដែលឈប់លក់បារី ខណៈ Walmart បានផ្អាកការលក់ផលិតផលដែលមានជាតិនីកូទីនក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីនោះ ក្រោយអាមេរិករឹតបន្តឹងច្បាប់ទាក់ទងនឹងការលក់ផលិតផលប្រភេទនេះ។
ដោយឡែក បើតាមការអះអាងពី CDC បានឲ្យដឹងថា ការជក់បារីបណ្ដាលឲ្យមានផលប៉ះពាល់ដល់សុខភាពជាខ្លាំង ដែលអាចបណ្ដាលឲ្យកើតជំងឺមហារីក គាំងបេះដូង ជំងឺហឺត មេរោគសួត ជំងឺទឹកនោមផ្អែម និងជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) ដែលរួមមានជំងឺស្ទះសួត និងរលាកទងសួតរ៉ាំរ៉ៃ។ ការជក់បារីក៏បង្កើនហានិភ័យនៃជំងឺរបេង ជំងឺភ្នែកមួយចំនួន និងបញ្ហានៃប្រព័ន្ធភាពស៊ាំ រួមទាំងជំងឺរលាកសន្លាក់ឆ្អឹងផងដែរ៕
ប្រភព: Kelo