ផ្លូវជាតិលេខ ៥១ បានក្លាយជាផ្លូវសេដ្ឋកិច្ចដែលប្រមុខរដ្ឋាភិបាលបានហៅថាជាផ្លូវក្រវាត់ក្រុងដ៏សំខាន់ និងកំពុងប្រែក្លាយអតីតជាដីវាលស្រែ ក្លាយជាមជ្ឍមណ្ឌលពាណិជ្ជកម្មដោយមានរោងចក្ររាប់សិបកន្លែងកំពុងដំណើរការផ្តល់ការងារដល់ពលរដ្ឋរាប់ម៉ឹននាក់។
ផ្លូវជាតិលេខ៥១ ដែលជាប់ភូមិសាស្ត្រគ្នារវាងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ បានក្លាយជាតំបន់រោងចក្រឧស្សាហកម្ម សិប្បកម្ម និង គម្រោងលំនៅដ្ឋាននិងការអភិវឌ្ឍន៍ដីឡូតិ៍ជាច្រើនកន្លែង។
បើតាមអាជ្ញាធរខេត្តបានឲ្យដឹងថា លើបណ្តោយផ្លូវជាតិលេខ៥១ ដែលមានប្រវែងសរុបជិត៣៨គីឡូម៉ែត្រចាប់ផ្តើមពីឧដុង្គ(ចំណុចប្រសព្វផ្លូវជាតិលេខ៥)ទៅដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤) មានរោងចក្រជាង ៥០កន្លែងកំពុងដំណើរការ។
ក្រៅពីរោងចក្រដែលប្រមូលផ្តុំកម្មកររាប់ម៉ឺននាក់ ក៏មានផ្សារធំមួយគឺផ្សារបាក់ដឹង រួមទាំងមានសាលារៀននិងស្ថាប័នហិរញ្ញវត្ថុ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនកន្លែងទៀត។
ថ្លែងក្នុងឱកាសសម្ពោធផ្លូវជាតិលេខ ៥១ កាលពីពេលថ្មីៗនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសរំលេចថា ផ្លូវជាតិលេខ៥១ គឺជាខ្សែផ្លូវដែលប្រទាក់ក្រឡាគ្នាជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗរួមមានដូចជា៖ ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៤១ និង តភ្ជាប់ទៅផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៤២ ទៅរាជធានីភ្នំពេញ,និងផ្លូវលេខ១៤៤០ ទៅក្រុងច្បារមនខេត្តកំពង់ស្ពឺ។
ផ្លូវជាតិមួយខ្សែនេះក៏ជាខ្សែផ្លូវយុទ្ធសាស្ត្រតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េលេខ១ (AH-1) នៃរបៀងសេដ្ឋកិច្ចខាងត្បូងឆ្ពោះទៅច្រកព្រំដែន កម្ពុជា-ថៃ (ប៉ោយប៉ែត) និងផ្លូវអាស៊ានហាយវ៉េលេខ១១ (AH-11) ឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ផ្លូវជាតិ លេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ខេត្តកំពតនិងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ ធម្មជាតិ និង តំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា។
ដោយឡែកគម្រោងអភិវឌ្ឍពីរកំពុងប្រែក្លាយតំបន់ដែលធ្លាប់ស្ងាត់ជ្រងំប្រែក្លាយជាទីប្រជំជនមានមនុស្សកុះករតាមរយៈគម្រោងអភិវឌ្ឍសួនឧស្សាហកម្មកាណាឌីយ៉ា និងគម្រោងអចលនទ្រព្យខ្នាតយក្សរបស់ក្រុមហ៊ុនឡេង ណាវ៉ាត់ត្រា ដែលកំពុងបោះទីតាំងអភិវឌ្ឍនៅតំបន់នោះ ដែលនឹងនាំលំហូរការវិនិយោគទាក់ទាញរោងចក្រសហគ្រាសតូចធំ មកបោះទុនវិនិយោគចូលរួមបង្កើតមុខរបរនិងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់៕