សម្តេច ហ៊ុន សែន ប្រកាសឱ្យបង្កើនស្តុកយុទ្ធសាស្ត្រប្រេងឥន្ធនៈ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នានាជាចាំបាច់

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យរដ្ឋស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេងឥន្ធនៈ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នានាជាចាំបាច់ ដូចជា ពេលដាច់ភ្លើង ឬកង្វះខាតភ្លើងប្រើប្រាស់ជាដើម។
ការប្រកាសនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ទោះជាយ៉ាងណា យើងនៅតែពឹងពាក់លើក្រុមហ៊ុនឯកជនក្នុងការស្តុកប្រេងឥន្ទនៈទុកដដែល ប៉ុន្តែរដ្ឋក៏ត្រូវបង្កើននូវការស្តុកទុកនូវប្រេងឥន្ធនៈ ដើម្បីការពារការខ្វះខាត ដោយយើងមិនអាចពឹងផ្អែកទាំងស្រុងតែទៅលើស្តុកប្រេងរបស់ក្រុមហ៊ុនឯកជនបាននោះទេ ព្រោះដើម្បីដោះស្រាយបញ្ហាបន្ទាន់នានាជាចាំបាច់ ដូចជា ពេលដាច់ភ្លើង ឬកង្វះខាតភ្លើងប្រើប្រាស់ជាដើម ដែលយើងធ្លាប់មានឧទាហរណ៍ជាក់ស្តែងកាលពីឆ្នាំ២០១៨»។

បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ក៏ចង់ឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រៀមលក្ខណៈ ឬគោលនយោបាយរៀបចំយុទ្ធសាស្រ្តស្តុកប្រេងឥន្ធនៈ ដើម្បីរក្សាប្រេងទុកត្រៀមទប់ស្កាត់ហានិភ័យណាមួយដែលកើតចេញពីតម្លៃប្រេងឡើងថ្លៃនាពេលខាងមុខ ដោយសារវិបិត្តសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

សូមជម្រាប់ដែរថា តម្លៃសាំងនៅកម្ពុជា ឡើងថ្លៃជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ បានក្លាយជាកង្វល់របស់ពលរដ្ឋ ជាពិសេសអ្នកដែលប្រកបរបរនៅក្នុងវិស័យដឹកជញ្ជូន រហូតមានពលរដ្ឋខ្លះនាំគ្នាទិញប្រេងសាំងមកស្តុកក្នុងផ្ទះផងដែរ។យ៉ាងណា បញ្ហាតម្លៃសាំងនៅកម្ពុជា ឡើងថ្លៃជាបន្តបន្ទាប់មកនេះ ត្រូវបានក្រសួងពាណិជ្ជកម្មកម្ពុជា ធ្លាប់បានអះអាងថា ដោយសារតម្លៃទីផ្សារអន្តរជាតិ ព្រមទាំងបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៕