ទោះ​ខាង​រុស្ស៊ី​ប្រកាស​ថា​ ព្រម​ដក​ទ័ព​ខ្លះ តែ​ឧបនាយករដ្ឋមន្ត្រី​អង់គ្លេស​ព្រមាន​អ៊ុយក្រែន​កុំ​ឲ្យ​ធ្វេសប្រហែស​

អន្តរជាតិ

ការ​ចរចា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​កាលពី​ថ្ងៃអង្គារ​កន្លង​ទៅ​បាន​បញ្ចប់ ដោយ​ភាគី​ទាំង​សងខាង​បាន​យល់ព្រម​បន្ថយ​សកម្មភាព​វាយ​ប្រហារ​រៀងៗ​ខ្លួន ហើយ​រុស្ស៊ី​បាន​សន្យា​ថា នឹង​កាត់​បន្ថយ​កម្លាំង​របស់​ពួកគេ​ដែល​កំពុង​ឡោមព័ទ្ធ​ទីក្រុង Kyiv និង Chernihiv ក្រោយ​បញ្ចប់​ជំនួប​សន្តិភាព​មួយ​នោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា បើ​ទោះ​ជា​ខាង​រុស្ស៊ី​បាន​ប្រកាស​ថា នឹង​ព្រម​ដក​ទ័ព​ចេញ​ពី​ទឹកដី​អ៊ុយក្រែន​ខ្លះៗ​ក៏ដោយ តែ​ឧបនាយករដ្ឋមន្ត្រី Dominic Raab បាន​បង្ហើប​ប្រាប់ Sky News ថា ការ​ដកទ័ព​របស់​រុស្ស៊ី​គឺ​បន្សល់​ទុក​នូវ​ការ​សង្ស័យ​ខ្លះ ហើយ​វា​អាច​ជា​យុទ្ធសាស្ត្រ​ប្រមូល​កម្លាំង​ទ័ព​ឡើងវិញ ដើម្បី​វាយ​ប្រហារ​ម្ដងទៀត។

“​ពួក​យើង​នឹង​វិនិច្ឆ័យ​ទៅតាម​ទង្វើ​ជាក់ស្ដែង​របស់​កង​កម្លាំង​រុស្ស៊ី មិនមែន​ចេះ​តែ​និយាយ​ឲ្យ​រួច​ពី​មាត់​ឡើយ។ ថ្វី​បើ​ការ​ចរចា​ចង់​បាន​សន្តិភាព​តែងតែ​បើក​ទទួល​ក្ដី តែ​ខ្ញុំ​មិន​គិត​ថា បច្ចុប្បន្ន​អ្នក​អាច​ជឿ​នូវ​អ្វី​ដែល​ចេញ​ពី​មាត់​របស់ Putin ដែល​ជា​អ្នក​ចូលចិត្ត​បង្ក​សង្គ្រាម​ឡើយ”។ នេះ​បើ​តាម​សម្ដី​របស់​លោក Raab បាន​និយាយ។

ក្រៅពី​ឧបនាយករដ្ឋមន្ត្រី​អង់គ្លេស​ ក៏​នៅ​មាន​ថ្នាក់​ដឹកនាំ​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​ទៀត​ដែល​បាន​បង្ហាញ​គំនិត​ស្រដៀង​គ្នា ស្របពេល​ប្រធានាធិបតី Volodymyr Zelensky បាន​ទម្លាយ​ថា អ៊ុយក្រែន​មិន​គួរ​ធ្វេសប្រហែស​ឡើយ​នៅ​កាលៈទេសៈ​មួយ​នេះ៕

ប្រភព: FT