លោកឧត្តមសេនីយ៍ឯក អ៊ឹង ដារ៉េត ប្រធានអង្គភាពអន្តរាគមន៍ បានណែនាំឲ្យកម្លាំងអន្តរាគមន៍ទាំងអស់ដែលចុះបំពេញបេសកកម្មបង្រ្កាបបទល្មើសនេសាទត្រូវគោរពវិន័យ និងអនុវត្តតាមបទបញ្ជាថ្នាក់ដឹកនាំ ប្រសិនបើមិនគោរពវិន័យមិនអនុវត្តបទបញ្ជាតាមឋានានុក្រមនឹងត្រូវទទួលពិន័យក្នុងរូបភាពកាត់បន្ថយឋានន្តរសក្តិ ដកហូតតួនាទី ក្នុងករណីធ្ងន់ធ្ងរត្រូវធ្វើការបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិតែម្តង។
ការណែនាំរបស់ លោកឧត្តមសេនីយ៍ឯក អ៊ឹង ដារ៉េត ដូចនេះបានធ្វើឡើង នៅក្នុងឳកាសដឹកនាំកងកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតាមខេត្តជាប់បឹងទន្លេសាប កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ឯក អ៊ឹង ដារ៉េត បានបន្ថែមថាក្នុងនាមជាកងកម្លាំងត្រូវប្រកាន់អាកប្បកិរិយាត្រឹមត្រូវទន់ភ្លន់ប៉ុន្តែម៉ឺងម៉ាត់ ជៀសវាងរងការរិះគន់ពីប្រជាពលរដ្ឋ។ កម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវខិតខំប្រឹងប្រែងពុះពារកុំខ្លាចការហត់នឿយ ត្រូវតែតស៊ូបំពេញបេសកកម្មនេះឲ្យបានជោគជ័យ ដើម្បីកិត្តិយសខ្លួនឯង និងអង្គភាព ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ។ បេសកម្មលើកនេះខុសពីពេលមុនណាៗទាំងអស់ ដោយកងកម្លាំងទាំងអស់ត្រូវធ្វើការបង្ក្រាបរាល់បទល្មើសនេសាទ និងការប្រើប្រាស់ឧបករណ៍ខុសច្បាប់។
លោកឧត្តមសេនីយ៍ឯក ក៏បានផ្តាំផ្ញើរឲ្យកងអន្តរាគមន៍ទាំងអស់ ត្រូវចេះសហការសាមគ្គីគ្នា និងសហការជាមួយកម្លាំងអាជ្ញាធរចម្រុះពាក់ព័ន្ធ ពិសេសត្រូវគោរពវិន័យកងកម្លាំងនគរបាលជាតិឲ្យខាងតែបាន ដោយត្រូវស្តាប់បទបញ្ជារបស់ថ្នាក់ដឹកនាំ បំពេញភារកិច្ចដោយឆន្ទៈ ដើម្បីទទួលបានជោគជ័យ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទ និងបូកសរុបការងាររបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានចេញបទបញ្ជាដាច់ណាត់ ឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសអភិបាលខេត្ត ជុំវិញបឹងទន្លេសាប រួមទាំងកម្លាំងនគរបាល មន្ត្រីរដ្ឋបាលជលផល រួមគ្នាបង្ក្រាប និងលុបបំបាត់បទល្មើសនេសាទទាំងអស់នៅលើផ្ទៃបឹងទន្លេសាប ក្រោយពីសកម្មភាពនេសាទខុសច្បាប់ និងការទន្ទ្រានដីព្រៃលិចទឹកនៅបន្តកើតមាន។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យប្រើប្រាស់ឧទ្ធម្ភាគចក្រ បើកប្រតិបត្តិការបង្ក្រាបជនល្មើសទៀតផង ក្រោយទទួលបានព័ត៌មានថា អាជ្ញាធរខេត្ត និងសមត្ថកិច្ចដេញតាមបង្រាបក្រុមជនល្មើសមិនទាន់ ៕