ការចុះហត្ថលេខារួមគ្នាលើ“អនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា ចិន ត្រូវបានធ្វើឡើងតាមប្រព័ន្ធ Online កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ រវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងនាយឧត្តមសេនីយ៍ លីវ ចេន លី (Liu Zhen Li) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន។
តាមសេចក្តីប្រកាសព័ត៌មានរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ថា អនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរប្រទេស ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជិតស្និទ្ធយូរអង្វែងរវាងកងទ័ពជើងគោកទាំងពីរ ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក។
អនុស្សារណៈនៃការយោគយល់នេះគឺជាមូលដ្ឋានមួយដ៏សំខាន់នៅក្នុងការត្រួសត្រាយផ្លូវដើម្បីឈានទៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ឱ្យមានកម្រិតកាន់តែខ្ពស់ឡើងបន្ថែមទៀត ហើយព្រឹត្តិការណ៍នេះ អាចចាត់ទុកថាជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតនៃកិច្ចទំនាក់ទំនងរវាងកងទ័ពជើងគោកទាំងពីរផងដែរ ។
សេចក្តីប្រកាសព័ត៌មានដដែលបានអោយដឹងទៀតថា ក្នុងជំនួបតាមប្រព័ន្ធ Online នោះ ភាគីទាំងពីរបានសម្តែងនូវមោទកភាព ចំពោះទំនាក់ទំនង មិត្តភាពប្រកបដោយ ការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក រួមជាមួយនឹងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធលើគ្រប់ វិស័យរវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ចិន ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក ការអភិវឌ្ឍរីកចម្រើនរួមគ្នា និងការរួមសុខរួមទុក្ខ លើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដូចដែលស្តែងឡើងតាមរយៈ កិច្ចខិតខំប្រឹងប្រែងជួយគ្នា និងឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ក្នុងកាលៈទេសៈនៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ កន្លងមកនេះ ។
ភាគីទាំងពីរ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-ចិន និយាយជារួម និងនិយាយដោយឡែក កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ដែលបានដំណើរការបោះជំហានរីកចម្រើនទៅមុខ និងសម្រេចបានលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីមោទនៈ ។
ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងគោកទាំងពីរ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការគាំទ្រដល់ដំណើរការទៅមុខនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ។
នៅក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាសន្តិសុខសាកល និងតំបន់ ដែលកំពុងកើតមានឡើង និងបានបង្ហាញឆន្ទៈក្នុងការគាំទ្រ ជំរុញ និងលើកកម្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដើម្បីបន្តចូលរួមចំណែកថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា ៕ អត្ថបទ៖ ពុធិកា