ប្រធានាធិបតី លោកវ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី នឹងផ្តល់ជំនួយដល់ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងស្រុក ចំនួន ១០០ ពាន់លានរូប ឬ ១,២៥ ពាន់លានដុល្លារ ដើម្បីជួយពួកគេ ដោះស្រាយផលវិបាកដោយសារទណ្ឌកម្មអន្តរជាតិ ។
ជាក់ស្តែង នៅក្នុងសុន្ទរកថាតាមរយ:ទូរទស្សន៍ អំឡុងកិច្ចប្រជុំជាមួយអ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនផលិតយន្តហោះ ប្រធានាធិបតីរូបនេះ បាននិយាយថា ជើងហោះហើរក្នុងស្រុកទាំងអស់ នឹងទទួលបានប្រាក់ឧបត្តម្ភពីរដ្ឋាភិបាល ក្នុងឆ្នាំ ២០២២ នេះ។
គួរឱ្យដឹងផងដែរថា ទីផ្សារអាកាសចរណ៍ធំបំផុតទី ១១ របស់ពិភពលោកមួយនេះ កំពុងតែស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង ដោយសារតែ នៅខាងសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប បានបិទដែនអាកាសរបស់ពួកគេ ចំពោះក្រុមហ៊ុនរុស្ស៊ី ខណ:ពេលដែលរុស្ស៊ីវិញ ក៏បានបិទដែនកាអាសរបស់ខ្លួន ចំពោះក្រុមហ៊ុនអាកាសចរណ៍របស់ភាគីម្ខាងទៀតផងដែរ ។
ហើយលើសពីនេះទៅទៀត ក្រុមហ៊ុនអាកាសចរណ៍របស់រុស្ស៊ី មិនអាចទិញគ្រឿងបន្លាស់ ឬទទួលបានសេវាថែទាំពីអឺរ៉ុប ឬសហរដ្ឋអាមេរិកបានទៀតនោះទេ ។
លើសពីនេះ ដោយសារតែការដាក់ទណ្ឌកម្ម ដែលធ្វើឡើង ដើម្បីជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការបញ្ជូនកម្លាំងរបស់ខ្លួន ចូលទៅក្នុងប្រទេសអ៊ុយក្រែន ដូច្នេះក្រុមហ៊ុនរបស់ប្រទេសលោកខាងលិច បានបង្ខំចិត្តបញ្ចប់កិច្ចសន្យាជួលយន្តហោះ ពីក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ប្រមាណជាង ៥០០ គ្រឿង ។
មិនតែប៉ុណ្ណោះ លោក ពូទីន បាននិយាយថា លោកបានធ្វើការណែនាំរដ្ឋាភិបាល ឱ្យចេញនូវវិធានការនានា ដើម្បីសម្រាលបន្ទុកនៃការទូទាត់ ចំពោះជួល របស់ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងស្រុកទាំងអស់នោះ ៕
ប្រភព: Money US