យោងតាមទិន្នន័យចុងក្រោយបង្អស់បានឲ្យដឹងថា មហាសេដ្ឋីឥណ្ឌា Gautam Adani ដែលជាស្ថាបនិកក្រុមហ៊ុន Adani Group បានកើបលុយច្រើនជាងមហាសេដ្ឋីមានបំផុតលើលោក Elon Musk និងស្ថាបនិក Amazon លោក Jeff Bezos ទៅទៀត។
សារព័ត៌មាន Bloomberg Billionaire’s Index បានបង្ហើបឲ្យដឹងថា មហាសេដ្ឋីឥណ្ឌាខាងលើបានបន្ថែមលុយប្រមាណ ២១,១ ពាន់លានដុល្លារសម្រាប់ត្រីមាសចុងក្រោយ ខណៈស្ដេចត្រាញ់មានបំផុតនៅអាស៊ី Mukesh Ambani កើនបាន ៨,២៤ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា។
តួលេខខាងលើគឺបានធ្វើឲ្យបុគ្គលទាំង ២ រូបនេះជាប់ឈ្មោះនៅបញ្ជីអ្នកមានបំផុតទាំង ១០ រូបនៅលើពិភពលោក ខណៈគម្លាតទ្រព្យសម្បត្តិរបស់ Adani និង Ambani គឺខុសគ្នាតែប្រមាណ ៣០០ លានដុល្លារប៉ុណ្ណោះ បើតាមការឲ្យដឹងពី Forbes។
ក្រឡេកទៅមើលស្ថិតិចំណូលរបស់មហាសេដ្ឋីកំពូលៗឯទៀតនៅត្រីមាសចុងក្រោយវិញគឺ Elon Musk កើនលុយប្រមាណ ១,១៤ ពាន់លានដុល្លារ Warren Buffett កើនបាន ១៨,៧ ពាន់លានដុល្លារ ស្របពេល Jeff Bezos និង Bill Gates បែរជាថយទ្រព្យសម្បត្តិអស់ម្នាក់ជាង ៤ ពាន់លានដុល្លារទៅវិញ។ នេះបើតាមការបញ្ជាក់ពី Bloomberg Billionaire’s Index៕
ប្រភព: Economictimes