ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ីបានប្រកាសថា នឹងចាប់ដៃគ្នាក្នុងការកំណត់តម្លៃលើប្រេងដូង ដែលនាំចេញលើទីផ្សារអន្តរជាតិ ខណៈប្រទេសដែលផលិតប្រេងដូងធំបំផុតទាំង ២ បង្ហើបថា ពួកគេនឹងមិនប្រកួតប្រជែងគ្នាលើផលិតផលមួយនេះឡើយ។
“តម្លៃរបស់ប្រេងដូងគួរតែមានការកំណត់ដោយប្រទេសទាំង ២ គឺម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ហើយមិនគួរមានការប្រកួតប្រជែងក្នុងការទម្លាក់តម្លៃលើផលិតផលនេះឡើយ ដ្បិតម៉ាឡេស៊ី និងឥណ្ឌូណេស៊ីគឺជាប្រទេស ២ ដែលនាំចេញប្រេងដូងច្រើនបំផុត”។ នេះបើតាមសម្ដីរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ismail Sabri បាននិយាយ។
ជាការពិត ប្រេងដូងដែលកំពុងចរាចរណ៍នៅលើទីផ្សារអន្តរជាតិសព្វថ្ងៃ គឺមានចំណែកពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ២ នេះដល់ទៅ ៨៥% តែឥណ្ឌូណេស៊ីហាក់មានភាពលំបាកក្នុងការគ្រប់គ្រងតម្លៃនៅទីផ្សារក្នុងស្រុក។
ទន្ទឹមនឹងនោះ អាជ្ញាធរពាក់ព័ន្ធបានបង្ហើបថា តម្លៃនៅទីផ្សារក្នុងស្រុក និងអន្តរជាតិគួរតែមិនមានតម្លៃពាក់ព័ន្ធគ្នា ខណៈកាលពីប៉ុន្មានរយៈមុនឥណ្ឌូណេស៊ីបានកំណត់ការនាំចេញ និងតម្លៃសម្រាប់គ្រប់ផលិតផលប្រេងទាំងអស់នៅទីផ្សារក្នុងស្រុក៕
ប្រភព: Bangkokpost