ប្រទេសអូស្ត្រាលីនឹងផ្តល់ជំនួយជាទូត្រជាក់ចំនួន ៣៣គ្រឿង សម្រាប់រក្សាវ៉ាក់សាំងPfizerដល់ប្រទេសកម្ពុជា ។ ជាមួយគ្នានេះ អូស្ត្រាលី ក៏នឹងផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការជាដៃគូលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីផលិត កសិផល ក្នុងការនាំចេញទៅប្រទេសក្រៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ។
ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម Pablo Kang បានគោរពជូនសម្ដេចតេជោនូវលិខិតរបស់លោក Scott Morrison នាយករដ្ឋមន្រ្តីអូស្រ្តាលី ជូនសម្ដេចតេជោក្នុងឱកាសខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសអូស្ត្រាលី និងកម្ពុជា។
លោក Pablo Kang បានធ្វើការអធិប្បាយអំពីអត្ថន័យនៃលិខិតរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលីដែលមានលក្ខណៈជាវិជ្ជមាន ហើយ ក៏បានគោរពជម្រាបជូនសម្តេចតេជោថា ទី១)អូស្ត្រាលីនឹងផ្តល់ជំនួយជាទូត្រជាក់ចំនួន ៣៣គ្រឿង សម្រាប់រក្សាវ៉ាក់សាំងPfizer ទី២) អូស្ត្រាលីនឹងបើកប្រទេសឡើងវិញនៅ២សប្តាហ៍ខាងមុខ នោះប្រទេសអូស្ត្រាលីនឹងអនុញ្ញាតឲ្យប្រជាជនធ្វើដំណើរចូលប្រទេសអូស្ត្រាលីដោយមិនបាច់ត្រូវការធ្វើតេស្តកូវីដទៀតទេ និងទី៣) អូស្ត្រាលី នឹងផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការជាដៃគូលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីផលិត កសិផល ក្នុងការនាំចេញទៅប្រទេសក្រៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Pablo Kang ចំពោះការពាំនាំនូវលិខិតរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីមកជូនសម្ដេចនៅពេលនេះ។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់វ៉ាក់សាំង និងទូត្រជាក់រក្សាវ៉ាក់សាំង និងកិច្ចសហប្រតិបត្តិការជាដៃគូជា ពិសេសលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីជំរុញ ចង្វាក់ផលិតកម្ម សម្រាប់ការនាំចេញផលិតផលកសិកម្មកម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យលោក Pablo Kang ធ្វើការពិនិត្យលើវិស័យផ្សេងៗទៀត ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើទំនាក់ទំនងរវាងប្រទេស ទាំងពីរ៕