ផ្លែឈើថៃត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិនតាមរយៈផ្លូវដែកចិន-ឡាវជាលើកដំបូង កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ។ តាមរយៈវិទ្យុចិននៅកម្ពុជា បានឲ្យដឹងថា ផ្លែឈើដឹកទៅកាន់ប្រទេសចិនជើងនេះនឹងដាក់លក់ក្នុងទីផ្សារនៅក្រុង Kunming មុនបណ្យឆេងម៉េងតាមការប៉ាន់ប្រមាណ។
បន្ទាប់ពីដឹកជញ្ជូនទៅកាន់ក្រុងវៀងច័ន្ទ រដ្ឋធានីប្រទេសឡាវ ធុរេនចំនួន៤០តោននិងដូងចំនួន២០តោន ដែលផលិតនៅថៃបានដឹកពីស្ថានីយភាគខាងត្បូងក្រុងវៀងច័ន្ទនៃផ្លូវដែកចិន-ឡាវនៅថ្ងៃទី១ ខែមេសា ហើយត្រូវដឹកជញ្ជូនទៅដល់ខេត្តLouangNamthaប្រទេសឡាវដែលជាប់ព្រំដែនជាមួយខេត្ត Yunnan ប្រទេសចិន។
តាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុនដែលទទួលបន្ទុកដំណើរការកំណាត់ឡាវនៃផ្លូវដែក ចិន-ឡាវ តទៅថ្ងៃមុខ នឹងមានកសិផលថៃកាន់តែច្រើនដឹកជញ្ជូនទៅកាន់ប្រទេសចិនឬទ្វីបអឺរ៉ុបតាមរយៈផ្លូវដែកចិន-ឡាវ ដែលរំលេចថែមមួយកម្រិតទៀតពីតួនាទីសំខាន់របស់ផ្លូវដែកចិន-ឡាវក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។
ផ្លូវដែករវាងក្រុងវៀងចន្ទន៍ និងក្រុង Kunming នេះ ជាការភ្ជាប់ជាមួយបណ្តាញផ្លូវរទេះភ្លើងមួយក្នុងពេលអនាគតដែលភ្ជាប់ប្រទេសចិនជាមួយប្រទេសថៃ ប្រទេសវៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងសិង្ហបូរី។ ការណ៍នេះ នឹងនាំឱ្យប៉ែកខាងត្បូងនៃប្រទេសចិន មានការចូលទាក់ទងច្រើនជាងមុនជាមួយកំពង់ផែ និងផ្សារនាំទំនិញចេញក្រៅប្រទេស។
ផ្លូវដែកដែលកសាងដោយប្រទេសចិននេះ មានតម្លៃ៥,៩ ពាន់ លានដុល្លារ ដែលភ្ជាប់ប្រទេសឡាវសំបូរភ្នំ និងមិនជាប់នឹងសមុទ្រទៅនឹងផ្នែកខាងត្បូងនៃប្រទេសចិន នៅក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើនពាណិជ្ជកម្ម។
ផ្លួវដែកនេះ ជាគម្រោងការមួយក្នុងបណ្តាគម្រោងការរាប់រយនៃការផ្តើមគំនិតផ្លូវក្រវាត់ពាណិជ្ជកម្មរបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីស្ថាបនាកំពង់ផែ ផ្លូវរទេះភ្លើងនិងហេដ្ឋារចនាសម្ព័ន្ធឯទៀតៗនៅទូទាំងទ្វីបអាស៊ី អាហ្វ្រិក និងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក៕