សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជាកំពុងពិចារណាទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដែលមានស្រាប់ ក៏ប៉ុន្តែជាប្រព័ន្ធហួសសម័យដែលធ្វើដំណើរក្នុងមួយម៉ោងបានត្រឹមតែ២០ទៅ៣០គីឡូម៉ែត្រ ហើយជំនួសវិញដោយផ្លូវរថភ្លើងល្បឿនលឿន ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ដូចនេះបានធ្វើឡើងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនិងសមិទ្ធផលនៃការស្តារកែលម្អដងស្ទឹងសៀមរាប នៅខេត្តសៀមរាប នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា “យើងកំពុងពិចារណាផងដែរអំពីការគិតគូររបស់យើងទៅលើហេដ្ឋា រចនាសម្ព័ន្ធផ្លូវដែក ដែលឥឡូវនេះតើគួរឬមិនគួរនៃការដែលយើងមានប្រព័ន្ធផ្លូវដែកស្រាប់ ក៏ប៉ុន្តែជាប្រព័ន្ធហួសសម័យ ដែលធ្វើដំណើរក្នុងមួយម៉ោងបានត្រឹមតែ២០ទៅ៣០គីឡូ ហើយជំនួសវិញដោយផ្លូវល្បឿនលឿននៅតាមផ្លូវទាំង២ទិសនេះតែម្តង។ ជាមួយនឹងការរៀបចំបន្ថែម ទៀត ជាមួយនឹងខ្សែរថភ្លើងសម្រាប់ ការដឹកជញ្ជូននៅក្នុងប្រទេស និងការតភ្ជាប់ជាមួយប្រទេសជិតខាង” ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ឥឡូវនេះកម្ពុជាមានខ្សែរថភ្លើងទាំង២ទិស ពីប៉ោយប៉ែត-ភ្នំពេញ និងពីភ្នំពេញ-ខេត្តព្រះសីហនុ ។ កម្ពុជាកំពុងពិចារណាអំពីបញ្ហានេះ ហើយរកដៃគូធ្វើជាផ្លូវរថភ្លើងល្បឿនលឿនលើផ្លូវរថភ្លើងចាស់ដដែល ដោយដាក់ឲ្យលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការពិចារណាលើកគម្រោងនេះ ដោយរកដៃគូ ដើម្បីពិភាក្សាកែលំអផ្លូវរថភ្លើងនេះ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានផ្លូវដែកចំនួន២ខ្សែ រួមមានទី១. ផ្លូវដែកទិសនីរតី (ភ្នំពេញ-ព្រះសីហនុ)៖ ផ្លូវដែកនេះមានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ និងទី២ ផ្លូវដែកទិសពាយ័ព្យ (ភ្នំពេញ-ប៉ោយប៉ែត)៖ ផ្លូវដែកនេះមានប្រវែងសរុប ៣៨៦គីឡូម៉ែត្រ ៕ អត្ថបទ៖ ពុធិកា