អ៊ីរ៉ាក់ កើបលុយបានជាង ១១ ពាន់លានដុល្លារ ពីការនាំចេញប្រេង នៅក្នុងខែមីនា

អន្តរជាតិ

យោងតាមក្រសួងប្រេង បាននិយាយថា ប្រទេសអ៊ីរ៉ាក់ បាននាំចេញប្រេង បានចំនួនទឹកប្រាក់ ១១,០៧ ពាន់លានដុល្លារ កាលពីខែមុន ដែលនេះជាកម្រិតខ្ពស់បំផុត ក្នុងរយ:ពេលកន្លះសតវត្សចុងក្រោយ ដោយសារតែតម្លៃប្រេងឆៅបានកើនឡើង ចំពេលមានការព្រួយបារម្ភអំពីកង្វះខាតប្រេង បន្ទាប់ពីកើតមានសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ ក្រសួងខាងលើ បាននិយាយថា អ៊ីរ៉ាក់ ដែលជាប្រទេសផលិតប្រេងធំបំផុតទីពីរ នៅក្នុងអង្គការ OPEC បាននាំចេញប្រេងសរុបប្រមាណ ១០០ ៥៦៣ ៩៩៩ បារ៉ែល ដោយកើបបានប្រាក់ចំណូលចំនួន ១១,០៧ ពាន់លានដុល្លារ ដែលជាប្រាក់ចំណូលខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ១៩៧២ មក ។

លើសពីនេះ រដ្ឋមន្ត្រីក្រសួងប្រេង បាននិយាយទៀតថា តួលេខ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រទី ១ ខែមេសា គឺជាទិន្នន័យបឋម ប៉ុន្តែសម្រាប់ទិន្នន័យចុងក្រោយ គឺមិនមានការប្រែប្រួលច្រើននោះឡើយ ។

គួរឱ្យដឹងថា នៅក្នុងខែកុម្ភ: ប្រាក់ចំណូលពីប្រេងរបស់អ៊ីរ៉ាក់ បានឈានដល់កម្រិតខ្ពស់បំផុតរយ:ពេល ៨ ឆ្នាំ ដោយទទួលបាន ៨,៥ ពាន់លានដុល្លារអាមេរិក ជាមួយនឹងការនាំចេញប្រេងប្រចាំថ្ងៃ ចំនួន ៣,៣ លានបារ៉ែល។

សង្កត់ធ្ងន់បន្តិចថា ការនាំចេញប្រេង មានចំនួនជាង ៩០% នៃប្រាក់ចំណូលរបស់ប្រទេសអ៊ីរ៉ាក់ទាំងមូល ។

នៅមួយរយ:ពេលចុងក្រោយនេះ តម្លៃប្រេងឆៅបានកើនឡើងយ៉ាងខ្លាំង ដោយសារតែមានការភ័យខ្លាចចំពោះកង្វះខាតការផ្គត់ផ្គង់ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានធ្វើការឈ្លានពានទៅលើអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភ: ។ ហើយជាមួយគ្នានោះ ប្រទេសរុស្ស៊ី គឺជាប្រទេសដែលនាំចេញប្រេងធំបំផុតទីពីរ របស់ពិភពលោក បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត ៕

ប្រភព: CNA